ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថាលោកសម្រេចចិត្តនឹងចុះចេញពីតំណែងប្រសិនបើក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ U22 មិនអាចឆ្លងផុតវគ្គចែកពូលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន ខណៈលោកលះបង់កម្លាំងកាយចិត្តក្នុងវិស័យកីឡាអស់រយៈពេល១០ឆ្នាំ។ ការប្រកាសនេះធ្វើឡើងក្រោយក្រុមជម្រើសជាតិ ហ្វីលីពីន បំបោងសំណាញ់កម្ពុជានៅចុងម៉ោងតាមទាន់ស្មើកម្ពុជាក្រោមលទ្ធផល១ស្មើនាយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានអូឡាំពិក។
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា «កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី ៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈស័យកីឡាបាល់ទាត់ ។
បើការប្រកួតក្នុង group ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រ័ត្រនោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់ ដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា (FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម» ។
ប្រធាន FFC ខាងលើបន្តទៀតថា «ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ»។
គួរបញ្ជាក់ផងដែរ ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងតួលេខបណ្តោះអាសន្នមាន៤ពិន្ទុក្នុងដៃក្រោយយកឈ្នះក្រុមជម្រើសជាតិ ទីម័រ លទ្ធផល៤ទល់០ និងលទ្ធផល១ស្មើ ជាមួយក្រុមជម្រើសជាតិហ្វីលីពីន ខណៈការប្រកួតសំខាន់ៗជាបន្តដែលកម្ពុជានឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា នាថ្ងៃទី០៧ ខែឧសភា និងការប្រកួតចុងក្រោយទល់នឹងឥណ្ឌូណេស៊ី នាថ្ងៃទី១០ ខែឧសភា ដែលការប្រកួតទាំងពីរធ្វើឡើងនៅម៉ោង ៧យប់ នាពហុកីឡដ្ឋានជាតិអូឡាំពិក៕