រដ្ឋធានីកៀវ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាន និង កំពុងតែប្រើប្រាស់កម្លាំងទាហាន និង សម្ភារសឹកយ៉ាងច្រើនសម្បើម នៅក្នុងគោលបំណង ដណ្ដើមយកជ័យជម្នះឲ្យបានឆាប់រហ័សបំផុត ប៉ុន្ដែកម្លាំងប្រដាប់អាវុធរបស់គាត់ នៅតែមិនអាចធ្វើឲ្យសម្រេចបានតាមគោលបំណងរបស់គាត់ ខណៈការវាយប្រហារគ្នាយ៉ាងសាហាវ កំពុងតែបន្ដអូសបន្លាយ អស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ ដោយបានឆក់យកអាយុជីវិតជនស៊ីវិល និង កងទ័ពទាំងសងខាង អស់ជាច្រើនម៉ឺននាក់ ប៉ុន្ដែឥឡូវក៏មានសេចក្ដីរាយការណ៍ អំពីការវាយប្រហារទៅលើទីបញ្ជាការយោធារបស់ក្រុងមូស្គូ ជាថ្មីបន្ដទៀត។
សារព័ត៌មាន Pravda (ប៉្រាវដា) បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ ថា ក្រុមចារកម្មរបស់អ៊ុយក្រែន បានឈ្លបយកការណ៍ កំណត់ទីតាំងបញ្ជាការដ្ឋានរបស់ទាហានរុស្ស៊ី ដែលកាន់កាប់ នៅក្នុងភូមិមីខៃលីវកា (Mykhailivka) ស្ថិតក្នុងតំបន់ហ្សាប៉ូរីហ្សា (Zaporizhzhia) ហើយបន្ទាប់មកកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន ក៏បានវាយប្រហារទៅលើទីបញ្ជាការទាំងនោះ។
លោក អ៊ីវ៉ាន់ ហ្វេដូរ៉ូវ (Ivan Fedorov) ចៅហ្វាយក្រុងមីលីតូប៉ូល (Melitopol) បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា ការបំផ្ទុះដ៏កក្រើក នៅទីបញ្ជាការរបស់ទាហានរុស្ស៊ី នោះ បានកើតឡើង នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី១ ខែឧសភា។
លោកចៅហ្វាយក្រុង បានពន្យល់ ថា ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន បានកំណត់ទីតាំង នៃទីស្នាក់ការកណ្តាលរបស់ទាហានរុស្ស៊ី នៅក្នុងតំបន់នោះ រួចហើយបានប្រគល់កូអរដោណេ ទៅឱ្យអង្គភាពមួយផ្សេងទៀតរបស់កងទ័ពការពារទឹកដីរបស់ខ្លួន ខណៈបុគ្គលិកយោធារបស់រុស្ស៊ី កំពុងតែប្រមូលផ្តុំគ្នា នៅទីតាំងនោះ។
បើទោះជាមានសេចក្ដីរាយការណ៍ អំពីការវាយប្រហារបែបនេះក្ដី ប៉ុន្ដែអ៊ុយក្រែន នៅតែមិនទាន់បានបញ្ជាក់ អំពីចំនួនទាហានរបស់រុស្ស៊ី បានរងការខូចខាតនៅឡើយ។ ចំណែករុស្ស៊ី ក៏មិនទាន់ប្រតិកម្មនឹងការអះអាងនេះដែរ។
ដោយឡែក ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានធ្វើឱ្យសកម្ម នៅជិតទីក្រុងយ៉ែវប៉ាតូរីយ៉ា (Yevpatoria) និង ទីក្រុងសេវ៉ាស្ដូប៉ូល (Sevastopol) ស្ថិតក្នុងតំបន់គ្រីមៀ (Crimea) របស់អ៊ុយក្រែន ដែលរុស្ស៊ីបានរឹបអូសយក កាលពីឆ្នាំ២០១៤។ ស្របគ្នានេះ អាជ្ញាធរលើកបន្តុប ដោយក្រុងមូស្គូ នៅក្នុងតំបន់នោះ ក៏បានត្អូញត្អែរ អំពីការវាយប្រហារ ដោយដ្រូន បណ្ដាលឲ្យឆេះឃ្លាំងស្ដុកប្រេងឥន្ធនៈមួយកន្លែង។
សូមជម្រាប ថា មូលដ្ឋានកងទ័ពបស់រុស្ស៊ី រូមទាំងមូលដ្ឋានកងទ័ពអាកាស និង មូលដ្ឋានយោធា នៅលើឧបទ្វីបគ្រីមៀ កាលពីឆ្នាំ២០២២កន្លងទៅ ក៏ធ្លាប់រងការវាយប្រហារជាបន្ដបន្ទាប់រួចមកហើយ ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធព្រលានយន្ដហោះយោធាមួយចំនួនផងដែរ៕










