ពិតជាមិនធ្វើឱ្យទស្សនិកអ្នកគាំទ្រខកបំណងមែន ដោយនៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ផលិតកម្មបារមីបានទម្លាក់បទថ្មីមួយបទមានចំណងជើងថា «ចងចាំសាវតារ» ដើម្បីបង្កើតប្រវត្តិសាស្រ្តសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ។

បទចម្រៀងថ្មីនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកអ្នកលេងបណ្តាញសង្គម ដោយក្នុងបទ «ចងចាំសាវតារ» មានរសជាតិច្រើនតាមបែបផែនផ្សេងគ្នាពីតារាចម្រៀងក្នុងទ្រនំបារមី មានដូចជា តារាចម្រៀង ម៉ាន់ វណ្ណដា , កៅ សុភា , ក្រុមប៉ូឡារិច ដែលមានសមាជិក២នាក់គឺ នរិទ្ធ និង ជូរីលីន , វណ្ណថាន រួមទាំង ស៊ូ ស៊ីរីកា។ ការបញ្ចេញបទចម្រៀងរបស់តារាចម្រៀងខាងលើនេះគឺសម្រាប់ជូនជាពិសេសទៅកាន់អត្ដពលិក កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបង្កើតប្រវត្តិសាស្រ្តថ្មីលើទឹកដីសុវណ្ណភូមិ។

អត្ថបទក្នុងបទចម្រៀងទៀតសោតបានរំលេចពីសាវតារខ្មែរ មានពូជពង្សជាអ្នកសាងអង្គរ មានឈាមជ័រជាខ្មែរ ឆ្លុះបញ្ចាំងពីភាពសាមគ្គីដើម្បីឱ្យជាតិខ្មែរកាន់តែរុងរឿង ជាពិសេសសិល្បៈ និងកីឡា កំពុងតែរីកមុខមាត់ ប្រទេសកម្ពុជាកំពុងតែឈរលើផ្លូវមួយដែលមានការទទួលស្គាល់ពីអន្តរជាតិ។ បន្ថែមពីលើនេះ «ចងចាំសាវតារ» បានភ្ជាប់ឃ្លាទៀតថា ខ្មែរយើងខ្លាំងអស្ចារ្យពីសម័យមហានគរ កុំភ្លេចសាវតាររបស់ខ្លួនមានឈាមជាតិជាខេមរា បុព្វបុរសអ្នកសាងអង្គរ ហើយកីឡាបង្កើតនូវសន្តិភាពបញ្ជ្រាបគំនិតឱ្យរួបរួមគ្នា ខំប្រឹងយកជ័យជំនះ។
ក្រោយពីស្តាប់ចម្រៀងរួមគ្នារបស់តារាចម្រៀងបារមីក្នុងបទចម្រៀង «ចងចាំសាវតារ» អ្នកលេងបណ្តាញសង្គមបានកោតសរសើរយ៉ាងខ្លាំងពីស្នាដៃរបស់ពួកគេក្នុងការបង្កើតអ្វីដែលជារសជាតិថ្មីឱ្យអន្តរជាតិស្គាល់ពីស្នាដៃកូនខ្មែរ ស្តាប់ហើយព្រឺសម្បុរតែម្តង។

ងាកទៅកាន់ដំណាក់កាលការផលិតបទខាងលើនេះវិញ តារាចម្រៀង កៅ សុភា បានបញ្ចេញវីដេអូក្រៅឆាកខ្លីមួយដោយបង្ហាញពីសកម្មភាពក្រុមចម្រៀងរបស់ពួកគេខិតខំយ៉ាងខ្លាំងទើបស្នាដៃថ្មីនេះអាចលេចចេញជារូបភាពជូនមហាជនស្តាប់កម្សាន្តក្នុងការបង្កើតសមិទ្ធផលថ្មីដើម្បីប្រវត្តិសាស្រ្តស៊ីហ្គេមលើកទី៣២ នេះ ៕

 

https://www.tiktok.com/@sopthekacti/video/7228242058803268865