ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុ។ ឧទ្យានជាតិគិរីរម្យស្ថិតនៅក្នុង ភូមិដំរីផុង ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ វាជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។
ឧទ្យានជាតិគិរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បី ក្នុងចំណោមរមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេស កម្ពុជា ហើយគិរីរម្យក៏ជារមណីយដ្ឋានមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង កាលពីក្នុងសម័យសង្គមរាស្ត្រនិយម។ ឧទ្យានជាតិនេះ សំបូរទៅដោយទេសភាពល្អប្រណិតលំអដោយដើមស្រល់ដុះពីធម្មជាតិនៅលើ ខ្ពង់រាបគិរីរម្យ ជ្រោះទឹកធ្លាក់ជាច្រើន និងសត្វជាច្រើនអំបូររស់នៅទីនោះ។
ដោយគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៨.៤០១ហិកតារ និងស្ថិតនៅលើខ្ពង់រាបដែលមានរយៈកម្ពស់ចាប់ពី ៣០០ ទៅ១០០០ម៉ែត្រ ពីនីវ៉ូសមុទ្រ។ រមណីយដ្ឋានគិរីរម្យគឺជាតំបន់ឧទ្យានធម្មជាតិដ៏ធំដែលស្ថិតនៅជិត រាជធានីភ្នំពេញជាងគេ ហើយមានទីតាំងនៅទិសខាងត្បូងឆៀងខាងលិច(និរតីទិស) នៃរាជធានីប្រទេសកម្ពុជា។
ពីក្រុងភ្នំពេញគេអាចធ្វើដំណើរទៅទស្សនាតំបន់គិរីរម្យបានយ៉ាងងាយស្រួលតាមរយៈផ្លូវជាតិលេខ៤ ដូចទៅកាន់ក្រុងព្រះសីហនុដែរ ប៉ុន្តែដល់បង្គោលគីឡូម៉ែត្រលេខ ៨៧ត្រង់ម្ដុំផ្លូវបំបែកត្រែងត្រយឹង គេនឹងឃើញមានផ្លូវបំបែកខាងស្ដាំដៃមួយឆ្ពោះទៅកាន់តំបន់ គិរីរម្យ ដែលមានចម្ងាយផ្លូវ ២៧គីឡូម៉ែត្រ ក្នុងរយៈចម្ងាយផ្លូវ ១០គីឡូម៉ែត្រ ដំបូងគឺជាផ្លូវរាបស្មើ និង១៧គីឡូម៉ែត្រ បន្ទាប់គឺជាផ្លូវឡើងខ្ពង់រាប និងភ្នំ។ រមណីយដ្ឋាននេះមានចម្ងាយពីរាជធានីភ្នំពេញ ១១៤គីឡូម៉ែត្រ និង១៤៧គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ ឬមានចម្ងាយ ៤៤គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ។
សូមរំលឹកផងដែរថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចុះបញ្ជី រមណីយដ្ឋានគិរីរម្យជា “ឧទ្យានជាតិព្រះសុរាម្រិត” ដែលមានផ្ទៃដី៣៥០០០ហិកតា តាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុវរ្ម័ន ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ ហើយឧទ្យានជាតិនេះបានបើក សម្ពោធអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៩៥ រហូតមកដល់បច្ចុប្បន្ននេះ៕