ប្រទេសអ៊ុយក្រែន ៖ បុរសជនជាតិជប៉ុនម្នាក់បានបើកហាងកាហ្វេមួយកន្លែង និងចែកមិនគិតថ្លៃដល់ពលរដ្ឋអ៊ុយក្រែនដើម្បីជួយមនុស្សដូចគ្នា ក្រោយពីត្រូវបានកងទ័ពរុស្ស៊ីចូលឈ្លានពានក្នុងប្រទេសនេះ ។ កាលពីឆ្នាំ២០២២ លោក Fuminori Tsuchiko អាយុ៧៥ឆ្នាំ បានមកកាន់ទីក្រុងគៀវ ដែលស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។ លោកប្រាប់ថា ៖ «ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលខ្ញុំអាចធ្វើបាន ដើម្បីជួយមនុស្សគ្រប់គ្នាដែលរស់នៅអ៊ុយក្រែន ដោយសារការឈ្លានពានរបស់កងទ័ពរុស្ស៊ី» ។
បុរសចំណាស់ជប៉ុនរូបនេះបានសម្រេចចិត្តចាកចេញពីទីក្រុងតូក្យូ ហើយមករស់នៅអ៊ុយក្រែន ព្រោះដោយសារតែឃើញពលរដ្ឋអ៊ុយក្រែនត្រូវរុស្ស៊ីបង្ខំឱ្យជ្រកកោននៅស្ថានីយរថភ្លើងក្រោមដី ។ អស់រយៈពេលជាច្រើនខែ លោក Fuminori Tsuchiko បានរស់នៅស្ថានីយរថភ្លើងក្រោមដី និងធ្វើការជាអ្នកស្ម័គ្រចិត្តចែកអាហារនៅទីនេះ ។ លោក បានស្គាល់គ្នាជាមួយជនជាតិអ៊ុយក្រែន រួចក៏បានបើកហាងកាហ្វេមិនយកប្រាក់នៅតំបន់ Saltivka ក្នុងទីក្រុងគៀវ ។ របស់ភាគច្រើន គឺជាការបរិច្ចាគរបស់ជនជាតិជប៉ុនតាមរយៈបណ្តាញសង្គម ។ លោក Fuminori Tsuchiko ប្រាប់ថា ៖ «រយៈពេល៧ខែដែលខ្ញុំរស់នៅស្ថានីយរថភ្លើងក្រោមដី គឺខ្ញុំបានគេង និងហូបអាហារជុំគ្នាជាមួយជនជាតិអ៊ុយក្រែនជាច្រើននាក់ទៀត» ។
លោកបន្តថា កាហ្វេដែលខ្ញុំចែកមិនយកប្រាក់នេះមានឈ្មោះថា FuMi Caffe ។ ខ្ញុំបានចែកទៅកាន់ពលរដ្ឋអ៊ុយក្រែនចំនួន៥០០នាក់ក្នុង១ថ្ងៃ ។ លោកបន្ថែមថា ខ្ញុំបានមករស់នៅអ៊ុយក្រែនក្នុងឋានៈជាភ្ញៀវទេសចរកាលពីខែកុម្ភៈ ឆ្នាំ២០២២ ។ នៅពេលស្ថានទូតជប៉ុនសុំឱ្យលោកត្រឡប់ទៅប្រទេសជប៉ុនវិញ ខណៈរុស្ស៊ីត្រៀមវាយលុកអ៊ុយក្រែន លោកបានធ្វើដំណើរទៅកាន់ Warsaw ប្រទេសប៉ូឡូញ ប៉ុន្តែបានត្រឡប់មកប្រទេសអ៊ុយក្រែនវិញក្នុងរយៈពេល២ខែក្រោយមក ។
អ្នកនាង Anna Tovstopyatova ជាអតិថិជនមកកាន់ហាងកាហ្វេប្រាប់ថា នាងមកកាន់ទីនេះដើម្បីបរិច្ចាគប្រាក់ឱ្យលោក Fuminori Tsuchiko ហើយវាជារឿងល្អដែលមានអ្នកមានទឹកចិត្តចង់ជួយពលរដ្ឋអ៊ុយក្រែន ។ ដូច្នេះ លោកបានលះបង់ជីវិត និងពេលវេលាផ្ទាល់ខ្លួនដើម្បីជួយផ្តល់សង្ឃឹមដល់មនុស្សគ្រប់រូប ។ នៅទីក្រុងគៀវ កងទ័ពអ៊ុយក្រែនបានបណ្តេញកងទ័ពរុស្ស៊ីឱ្យត្រឡប់ទៅកាន់តំបន់ព្រំដែនវិញ ។ បើទោះជាមានការដកទ័ពចេញក្តី ប៉ុន្តែការវាយលុករបស់កងទ័ពរុស្ស៊ីក្នុងទីក្រុងនេះនៅតែដំណើរការបន្ត ៕ ប្រភព ៖ KrobkruengJAPAN







