ផ្ទុះការវែកញែកមិនធម្មតា បន្ទាប់អ្នកនាង ប្រាសាទ ដាវីន បានបង្ហោះសារនៅលើបណ្តាញសង្គមឱ្យតារាសម្តែង អេឡិច ហ្សូរ៉ា ចេញមកទម្លាយការពិតក្រោយមានការផ្សព្វផ្សាយពី ឌី សូនិត្តា មិនសោកស្តាយដែលស្ពាយឈ្មោះម៉េមាយចិញ្ចឹមមើលថែកូនស្រីម្នាកក់ឯង រហូតមហាជនអ្នកលេងបណ្តាញសង្គមលើកឡើងថា កន្លងមក ឌី សូនិត្តា បោកភ្នែកមហាជនដល់ត្រើយក៏រុះស្ពាន រឿងយក អេឡិច ហ្សូរ៉ា ជាគូស្នេហ៍ធ្វើជាឪពុករបស់កូនទាំងមិនមែនការពិតទាំងកូននោះកាត់ទៅបរទេសច្រើនជាង។
តារាម៉ូឌែល ប្រាសាទ ដាវីន ដែលតំណាងប្រទេសកម្ពុជា ចូលរួមប្រកួត Universal Woman International 2023 កាលពីដើមឆ្នាំ២០២៣ ដោយទទួលបានជ័យលាភីលំដាប់រងទី៤
បានធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះដែលចេញមកទម្លាយទំនាក់ទំនងរវាង ឌី សូនិត្តា និង អេឡិច ហ្សូរ៉ា ដែលកន្លងមកមហាជនលើកឡើងថាអ្នកទាំងពីរបង្កាត់ភ្លើងស្នេហ៍រហូតមានដំណក់ឈាមរួមគ្នាទាំងមិនទាន់ចូលរោងការ។
ប្រាសាទ ដាវីន បានភ្ជាប់សំណេរជាមួយព័ត៌មានមួយ ដែលលើកឡើងពី ឌី សូនិត្តា មិនសោកស្តាយដែលស្ពាយឈ្មោះមេម៉ាយមើលថែកូនស្រីម្នាក់ឯង បន្ទាប់ពីមានភាពរង្គោះរង្គើទំនាក់ទំនងជាមួយ អេឡិច ហ្សូរ៉ា។ ប្រាសាទ ដាវីន បានទម្លាយថា «និយាយមែនដូចអត់ចប់សោះដឹងកាលណាបានគេសារភាពការពិត Alexora John It’s time to speak up…………» ក្នុងនោះតារាស្រីរូបនេះដែលត្រូវជាមិត្តជិតស្និទ្ធរបស់ អេឡិច ហ្សូរ៉ា បានលើកឡើងថា កូនស្រីរបស់ ឌី សូនិត្តា មិនមែនជាកូនរបស់អេឡិច ហ្សូរ៉ា ឡើយ។
អ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅខំមិនវែកញែកយ៉ាងច្រើន ដោយអ្នកខ្លះក៏លើកឡើងថា កូនកាត់ទៅបរទេស ហើយមនុស្សភាគច្រើនសុទ្ធតែដឹងថា អេឡិច ហ្សូរ៉ា មិនមែនជាឪពុកក្មេងឡើយ ព្រោះកូនអត់ដូចប៉ា។ អ្នកខ្លះទៀតក៏លើកឡើងថា ដល់ត្រើយហើយក៏រុះស្ពាន កន្លងមក ឌី សូនិត្តា បោកភ្នែកមហាជនប៉ុណ្ណោះ ខណៈអ្នកមួយចំនួនក៏បានបញ្ចេញមតិរិះគន់ ប្រាសាទ ដាវីន ដូចគ្នាព្រោះនិយារឿងឯកជនរបស់គេ។
ការទម្លាយរឿងនេះ ប្រាសាទ ដាវីន ក៏បានលើកឡើងទៀតថា នាងមិនមានបំណងវែកញែកពីជីវិតឯកជនរបស់ ឌី សូនិត្តា នោះទេ គ្រាន់តែចង់ឱ្យ អេឡិច ហ្សូរ៉ា បញ្ជាក់ការពិតជូនមហាជនតែប៉ុណ្ណោះមិនចង់ឃើញភាពសម្តែងតទៅទៀត។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០ ឌី សូនិត្តា និង អេឡិច ហ្សូរ៉ា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទម្លាយរឿងមានកូនជាមួយគ្នាទាំងមិនទាន់ចូលរោងការរហូត សូនិត្តា សុំចិត្តមហាជនកុំឱ្យខឹងស្អប់រូបនាងដោយសារនាងមានជំងឺ ទើបសម្រេចចិត្តពរពោះទាំងមិនទាន់ចូលរោងការ។ យ៉ាងណាមិញ ទំនាក់ទំនងរបស់ពួកគេមានភាពរង្គោះរង្គើចុងឆ្នាំ២០២២៕










