តារាសម្តែងកូរ៉េដ៏ល្បី Kim Tae Hee ដែលត្រូវបានគេស្គាល់ថាជាភរិយារបស់កំពូល តារាចម្រៀងRain បានទម្លាយអាថ៌កំបាំងនៃការថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ និងបានឆក់យកបេះដូងអ្នកគាំទ្រ ជាមួយនឹងសម្រស់ធម្មជាតិរបស់នាង។ នាងបានបង្ហាញអំពីចំណុចទាំង៥ ដែលនាងតែងតែអនុវត្តជារៀងរាល់ថ្ងៃ ដែលចំណុចទាំងនោះមានដូចជា៖
១.លាងសម្អាតស្បែកឱ្យបានហ្មត់ចត់៖ ដោយសារតែធម្មជាតិនៃការងារ តារាស្រីរូបនេះតែងតែតុបតែងខ្លួនពេលបង្ហាញខ្លួនជាសាធារណៈ ឬនៅលើកញ្ចក់ទូរទស្សន៍។ នាងបាននិយាយថា បើយើងមិនសម្អាតស្បែករាល់ថ្ងៃ គ្រឿងសម្អាងដែលនៅសេសសល់នឹងធ្វើឱ្យខូចស្បែក។ ដូច្នេះហើយ នាងតែងតែសម្អាតស្បែកឱ្យបានស្អាតជានិច្ច ដើម្បីធានាបាននូវការកម្ចាត់ចោលនូវភាពកខ្វក់ ខ្លាញ់ និងគ្រឿងសម្អាងនៅលើមុខរបស់នាង។
២.ការពារស្បែក៖ នៅពេលដែលនាងមានអារម្មណ៍ថាស្បែករបស់នាងស្ងួត តារាស្រីរូបនេះនឹងប្រើក្រែមផ្តល់សំណើម ឬម៉ាស។ ប្រសិនបើស្បែករបស់នាងបង្ហាញសញ្ញានៃភាពស្រអាប់ នាងនឹងទៅកន្លែងស្ប៉ាដើម្បីទទួលការថែទាំយ៉ាងយកចិត្តទុកដាក់។
៣.ម៉ាស្សាមុខ៖ នាងម៉ាស្សាមុខជាប្រចាំ ដើម្បីបន្ធូរអារម្មណ៍ ជំរុញចលនាឈាមរត់ កាត់បន្ថយភាពជ្រីវជ្រួញ និងរក្សាស្បែកឱ្យរឹងមាំ ។ លើសពីនេះ តារាស្រីរូបនេះ ក៏បានធ្វើការម៉ាស្សាពេញរាងកាយផងដែរ ដើម្បីរក្សារាងឱ្យស្លីម។
៤.របបអាហារសុខភាព៖ នាងតែងតែជ្រើសរើសអាហារដែលសម្បូរវីតាមីន ព្យាយាមផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ និងផឹកតែបៃតងដើម្បីធ្វើឱ្យដំណើរការមេតាប៉ូលីសសកម្ម។ លើសពីនេះ តារាស្រីរូបនេះ ក៏បានទទួលទានទឹកការ៉ុតជាប្រចាំ ដើម្បីផ្តល់វីតាមីន A និង E បន្ថែមទៀត ដើម្បីជួយឱ្យស្បែកស និងទប់ស្កាត់ភាពចាស់។
៥.ហាត់ប្រាណ៖ ជាធម្មតានាងដើរ ហាត់យូហ្គា ឬជិះកង់ជារៀងរាល់ថ្ងៃ។ សកម្មភាពទាំងនេះមិនត្រឹមតែផ្តល់ពេលវេលាឱ្យនាងសម្រាកបន្ទាប់ពីថ្ងៃធ្វើការដ៏តានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយរបស់នាងបង្កើនការរំលាយអាហារ និងកម្ចាត់ជាតិពុលផងដែរ។ នៅពេលដែលកាលវិភាគមានភាពមមាញឹក តារាស្រីរូបនេះនៅតែប្រាកដថាត្រូវហាត់ប្រាណយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍។ ប្រភព៖phuntoday.com










