ប្រទេសថៃ ៖ វាបានក្លាយជារឿងល្បីមួយក្នុងបណ្តាញសង្គមប្រទេសថៃ ខណៈគេបានផ្សព្វផ្សាយ និងចែកចាយវីដេអូមួយបន្តគ្នា រហូតដល់មានការរិះគន់ពីឥរិយាបថមិនសមរម្យនៅអាកាសយានដ្ឋានរបស់ YouTuber ជនជាតិថៃល្បីល្បាញម្នាក់ឈ្មោះ ណាត់និសា គ្រាន់តែនាងនិយាយថា ៖ «ចង់ញ៉ាំគុយទាវដាក់ប្រហិតត្រីផ្ទុះ» ។ ពេលនោះ មិត្តភក្តិរបស់នាងបានហាមឃាត់កុំឱ្យនិយាយពាក្យនេះ ប៉ុន្តែនាងនៅតែមិនស្តាប់ ហើយនិយាយពាក្យនេះលេងដដែលៗ ។
អាកាសយានដ្ឋាន គឺជាចំណុចរួមនៃការធ្វើដំណើរទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយវាជាទីកន្លែងអាចកើតឧក្រិដ្ឋកម្ម ឬអំពើភេរវកម្មប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសជាតិ ។ ហេតុនេះ អាកាសយានដ្ឋាននីមួយៗត្រូវរឹតបន្តឹងរឿងសុវត្ថិភាពឱ្យបានខ្លាំង និងហាមនិយាយពាក្យថា «ផ្ទុះ» នៅទីនេះ បើទោះជាគ្មានហេតុការណ៍ផ្ទុះពិតប្រាកដក៏ដោយ ក៏គេពុំគួរនិយាយពាក្យនេះដែរ ។
ការនិយាយស្តីលេងសើច និងការផ្ញើសារមិនពិតអាចបណ្តាលឱ្យអ្នកដំណើរភ័យស្លន់ស្លោ ។ ដូច្នេះ ភ្នាក់ងារបម្រើការក្នុងអាកាសយានដ្ឋានចាំបាច់ត្រូវពិនិត្យមើលសុវត្ថិភាពម្តងទៀត ដែលធ្វើឱ្យការហោះហើរយឺតយ៉ាវ ។ ចំណែកអ្នកប្រព្រឹត្តខុសនឹងត្រូវបានគេស៊ើបអង្កេត និងចាត់ការតាមផ្លូវច្បាប់ផងដែរ ។
យោងតាមមាត្រា២២ នៃព្រះរាជបញ្ញត្តិរបស់ប្រទេសថៃចែងថា អ្នកណាម្នាក់ដែលជូនដំណឹង ឬផ្ញើសារដែលគេដឹងហើយថាមិនពិត ហើយបង្កហេតុឱ្យអ្នកនៅក្នុងអាកាសយានដ្ឋានភ្ញាក់ផ្អើល ឬភ័យស្លន់ស្លោ គឺនឹងត្រូវជាប់ពន្ធនាគារមិនលើសពី៥ឆ្នាំ និងពិន័យជាប្រាក់មិនលើសពី២០ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។
គួរបញ្ជាក់ថា នៅអាកាសយានដ្ឋានក្នុងប្រទេសថៃ គេហាមដាច់ខាតនិយាយពាក្យថា ផ្ទុះ, ប្រើប្រាស់អាវុធ, មានរោគរាតត្បាតខ្លាំងក្លា, កាំភ្លើង, ការបង្កភេរវកម្ម, ថ្នាំញៀន, វត្ថុអន្តរាយ និងប្រើពាក្យគំរាមដែលរំខាន ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ៕
ប្រភព ៖ Chiang Mai News










