តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពលោក សាវិន ហ្វីលីព បានបង្ហោះសារមួយនៅលើហ្វេកប៊ុកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយលោកបានលើកឡើងថា មុនទិញដីឡូត៍គួរពិចារណា ដោយសារម្ចាស់ដីឡូត៍មានងារជា«ឧកញ៉ា» មួយចំនួនមានគំនិតមិនស្មោះត្រង់។
ដូចមហាជនជ្រាបមកហើយថា ករណីឧកញ៉ា ជា សារ៉ន បានបោកលុយប្រជាជនស្លូតត្រង់ជិត៤០លានដុល្លារ ពេលនេះទទួលបានយុត្តិធម៌ហើយក្រោមការសម្របសម្រួលរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ខណៈឧកញ៉ា និងបក្ខពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ។ ទន្ទឹមនឹងបទពិសោធរបស់ប្រជាជនរងគ្រោះទៅលើការវិយោគដីឡូត៍ទទួលបានការប្រាក់ខ្ពស់នេះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ តារាសម្តែងជើងចាស់ដ៏ល្បីលោក សាវិន ហ្វីលីព បានបង្ហោះសារមួយយ៉ាងចាក់ដោតទៅលើវិស័យដីឡូត៍។
តារាសម្តែងខាងលើបានរៀបរាប់ថា «វិស័យដីទ្បូត៍កំពុងជួបហានិភ័យដោយសារម្ចាស់គំរោងដែលមានងារជាឧកញ៉ាមួយចំនួនមិនស្មោះត្រង់..មុនទិញគួរពិចារណា»។
ការលើកឡើងរបស់លោក សាវិន ហ្វីលីព អ្នកលេងបណ្តាញសង្គមបានគាំទ្រនូវការលើកឡើងខាងលើនេះ ដោយពួកគេបានលើកឡើងទៀតថា មានប្រជាជនច្រើនណាស់ដែលរងគ្រោះព្រោះដីឡូត៍។
គួរបញ្ជាក់ផងដែរថា លោក សាវិន ហ្វីលីព ជាតារាសម្តែងមានឆន្ទៈខ្ពស់ធ្លាប់ប្រកាសថា មិនទទួលផ្សព្វផ្សាយស្រាបៀឡើយ ខណៈតារាល្បីមួយចំនួនទទួលផ្សព្វផ្សាយស្រាបៀព្រោងព្រាត ដែលធ្វើឱ្យមហាជនកោតសរសើរលោកយ៉ាងខ្លាំង រហូតសរសើរតារាសម្តែងរូបនេះថាជា «តារាគម្រូ»៕











