កាលពីម្សិលមិញ គេហទំព័រផ្លូវការរបស់សហព័ន្ធបាល់ទាត់កម្ពុជា បានបង្ហោះរូបភាពមួយចំនួន ទាក់ទងនឹងការហ្វឹកហាត់របស់ក្រុមបាល់ទាត់នារីកម្ពុជា ដែលក្នុងនោះគេសង្កេតឃើញថាមានកីឡាការរីនីដល់ទៅ៣នាក់ដែលទំនងជាកូនកាត់បរទេស។
ម្នាក់នៅក្នុងចំណោម៣រូបនោះ មានឈ្មោះថា ឈីវ សេឡេណា ដែលត្រូវបានគេមើលឃើញថាជាកីឡាររីនីដែលមានកាយសម្បទាល្អដាច់គេ នៅក្នុងក្រុមជម្រើសជាតិកម្ពុជា។
ឈីវ សេលីណា (Selena Chhiv) គឺជាកូនកាត់ខ្មែរ-កាណាដា ដែលមានឪពុក និងម្ដាយជាជនជាតិខ្មែរ បានផ្លាស់ទៅរស់នៅប្រទេសកាណាដា ក្នុងអំឡុងសម័យសង្គ្រាម ហើយនាងបានកើតនៅទីក្រុង Montreal ប្រទេសកាណាដា នាឆ្នាំ ២០០២។
កីឡាការិនីវ័យ ២១ ឆ្នាំ មានកម្ពស់ ១.៦៣ ម៉ែត្រ ជំនាញជើងស្ដាំ ហើយអាចលេងបានក្នុងតួនាទីជាខ្សែការពារ ខ្សែបម្រើ ឬខ្សែបម្រើស្លាប។
មុននឹងត្រូវបានកោះហៅមកចូលក្រុមជម្រើសជាតិ កីឡាការិនីរូបនេះធ្លាប់បានបង្ហើបថា៖”ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីត្រៀមខ្លួនចូលរួមជាមួយក្រុមនារីកម្ពុជា ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រោះខ្ញុំហ្វឹកហាត់ស្ទើររាល់ថ្ងៃ ខ្ញុំត្រៀមខ្លួនគ្រប់ពេល។ នៅរដូវក្តៅខ្ញុំហ្វឹកហាត់ប្រហែល ៦ ថ្ងៃក្នុងមួយសប្តាហ៍ ប៉ុន្តែក្នុងរដូវរងា ដោយសារត្រជាក់ និងមានធ្លាក់ព្រិល ខ្ញុំហ្វឹកហាត់តិចជាងបន្តិច ខ្ញុំតែងតែព្យាយាមហ្វឹកហាត់សងវិញ”៕










