ប្រធានក្រុមហ៊ុន Netflix លោក ថេដ អារ៉ានដូស (Ted Sarandos) បាននិយាយថាក្រុមហ៊ុនរបស់លោកនឹងវិនិយោគ ២.៥ពាន់លានដុល្លារលើមាតិកាកូរ៉េ សម្រាប់រយៈពេល ៤ ឆ្នាំខាងមុខ។ ការលើកឡើងរបស់លោកគឺក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក យន់ ស៊ុក យុល (Yoon Suk-yeol) ដែលអញ្ជើញមកដល់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ។
ប្រធានាធិបតីកូរ៉េខាងត្បូង បានជួបនិងប្រធានក្រុមហ៊ុន Netflix ជាការចូលរួមជាផ្លូវការលើកដំបូងរបស់លោកនៅសហរដ្ឋអាម៉េរិក ដែលកិច្ចប្រជុំនេះត្រូវបានអមដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ វប្បធម៌ និងឧស្សាហកម្ម ជាក្រុមគ្រប់គ្រង Netflix ។
ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់អ្នកទាំងពីរ ប្រធានាធិបតីកូរ៉េ បានថ្លែងថា «ការវិនិយោគនឹងក្លាយជាឱកាសដ៏សំខាន់មួយសម្រាប់អាជីវកម្មមាតិកាកូរ៉េ និងអ្នកបង្កើតទាំងអស់ ក៏ដូចជាក្រុមហ៊ុន Netflix ផងដែរ»។ លោកបានបន្តទៀតថា «ស្វាគមន៍ដោយស្មោះចំពោះការវិនិយោគដ៏ច្រើននេះរបស់ក្រុមហ៊ុន Netflix »។
គួរឱ្យដឹងថា ផែនការវិនិយោគ ២.៥ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Netflix គឺមានចំនួនទ្វេដងដែលក្រុមហ៊ុនបានវិនិយោគនៅក្នុងប្រទេសកូរ៉េចាប់តាំងពី Netflix បានចូលទីផ្សារកូរ៉េជាលើកដំបូងក្នុងឆ្នាំ ២០១៦ ។
ការវិនិយោគទ្វេដងនេះ ប្រធានក្រុមហ៊ុន Netflix បាននិយាយថា លោកមានទំនុកចិត្ត នៅក្នុងឧស្សាហកម្មមាតិកាកូរ៉េ ដែលនឹងបន្តបង្កើតរឿងដ៏អស្ចារ្យបន្ថែមទៀត។ លោក ថេដ អារ៉ានដូស បានបង្ហាញទៀតថា លោកសូមកោតសរសើរយ៉ាងខ្លាំង ចំពោះអ្នកបង្កើតជនជាតិកូរ៉េ និងរឿងគួរឱ្យទាក់ទាញរបស់ពួកគេ និងភាពច្នៃប្រឌិតរបស់ប្រទេសកូរ៉េ ដែលបានផលិតរឿងដ៏អស្ចារ្យដូចជា «Squid Game», «The Glory» , «Physical 100» ជាដើមដែលទទួលបានការគាំទ្រដ៏លើសលុប៕ ប្រភព៖ The nation










