ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យថាចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ រយៈពេល១សប្តាហ៍ កម្ពុជាទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយទៅមធ្យមនិងខ្យល់ប្រែប្រួល និងថ្ងៃខ្លះ ក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបកម្ដៅ (Thermal Low) ផងដែរ។
ស្ថានភាពនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមាមានពី ៣៦-៣៨°C ផ្នែកមួយចំនួននៃបណ្តារាជធានី-ខេត្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្គួរ នៅផ្នែកខ្លះលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កំន្ដ្រាក់ ពិសេសបណ្តាខេត្តភាគពាយ័ព្យ ។
ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៥- ៣៧ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕










