អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម បានបញ្ជាក់ថា នៅត្រីមាសទី១ឆ្នាំ២០២៣នេះ កម្ពុជា បាននាំចេញជ័រកៅស៊ូចំនួន ៦៥ ៩២១តោន ទៅក្រៅប្រទេស មានការកើនឡើង ៤ ១៨២តោន ស្មើនឹង៦ភាគរយបើធៀបនឹងត្រីមាសទីមួយឆ្នាំ២០២២។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៅ ថ្ងៃទី ២២ ខែមេសា បានឱ្យដឹងទៀតថា នៅ៣ខែដំបូងឆ្នាំនេះ កម្ពុជាទទួលបានចំណូលជិត៩០លានដុល្លារ (៨៩ ០៧៥ ៨៣៩ដុល្លារ) ធ្លាក់ចុះ៩,៥ភាគរយបើធៀបនឹងចំណូល៩៨,៤លានដុល្លារ ដែលធ្លាប់រកបានកាលពីត្រីមាសទី១ឆ្នាំ២០២២។
ការធ្លាក់ចុះចំណូលបែបនេះគឺដោយសារតែតម្លៃកៅស៊ូមានការធ្លាក់ចុះ។ ជាក់ស្តែង សម្រាប់តម្លៃជ័រកៅស៊ូគិតជាមធ្យមមានតម្លៃ ១៣៥១ដុល្លារ ក្នុង១តោន ថយចុះ ២៤៣ដុល្លារ ឬស្មើនឹង១៥ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។
គួរបញ្ជាក់ផងដែរថា មន្ត្រីជំនាញនៃក្រសួងកសិកម្មធ្លាប់បានអះអាងថា បញ្ហាដែលធ្វើឱ្យតម្លៃកៅស៊ូនៅទីផ្សារអន្តរជាតិធ្លាក់ចុះនាពេលនេះ គឺមានដូចជាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយ តម្រូវការមិនសមមាត្រនឹងការផ្គត់ផ្គង់ ក្ដីបារម្ភពីអតិផរណា ការដំឡើងអត្រាការប្រាក់គោលជាដើម៕












