ឧកញ៉ា ជា សារ៉ន និងបក្ខពួក៨នាក់ទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីបោកប្រាស់លុយប្រជាជនក្នុងការវិនិយោគដីឡូត៍ជិត៤០លានដុល្លារ។ ក្នុងនោះក្រោយមានការសម្រួបសម្រួលពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ឧកញ៉ា ជា សារ៉ន ត្រូវទទួលបន្ទុកបំណុលសងធនាគារដែលប្រជាពលរដ្ឋខ្ចីមកវិនិយោគ ចំណែកអ្នកមិនមានការខ្ចីធនាគារ នឹងត្រូវសិក្សាបន្ថែមស្វែងរកដំណោះស្រាយ។
កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានចុះសម្របសម្រួលក្រៅប្រព័ន្ធតុលាការរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ជា សារ៉នគ្រុប ដោយសារចាញ់ល្បិចរកស៊ីរបស់លោកឧកញ៉ា ជា សារ៉ន ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ បណ្តាលឱ្យធ្លាក់ខ្លួនជំពាក់បំណុលធានាគារ។ ក្រោយពីអភិបាលខេត្តកំពត សាកសួរទាំងសងខាងទាំងគ្រួសារជនរងគ្រោះ និង ឧកញ៉ា ជា សារ៉ន ទទួលបានលទ្ធផលដូចខាងក្រោម៖
១. ក្រុមហ៊ុន ជា សារ៉នគ្រុបត្រូវទទួលយកនូវបន្ទុកបំណុលដែលប្រជាពលរដ្ឋបានទៅខ្ចីពីម្ចាស់បំណុល និងធនាគារ យកទៅឱ្យក្រុមហ៊ុន ដូចនេះក្រុមហ៊ុន ជា សារ៉នគ្រុប ត្រូវធានារ៉ាប់រងបង់ការប្រាក់ជំនួសគ្រួសាររងគ្រោះ
២. អចលនៈទ្រព្យរបស់គ្រួសារជនរងគ្រោះ ដែលយកទៅតម្កល់ជាមួយម្ចាស់បំណុលឬ ធនាគារ ក្រុមហ៊ុន ជា សារ៉នគ្រុប ត្រូវយកទ្រព្យសម្បត្តិរបស់លោក ទៅតម្កល់ជំនួសវិញ ហើយត្រូវបង្វិលអចលនៈទ្រព្យឱ្យគ្រួសារជនរងគ្រោះវិញ
៣. អ្នកដែលវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉នគ្រុប ដែលមិនមានកម្ចីលុយពីនរណានោះ ក្រុមហ៊ុន ជា សារ៉នគ្រុបសុំពេលមួយ (០១)ខែ ដើម្បីធ្វើបច្ចុប្បន្នភាពស្រាវជ្រាវ ថាតើមានប៉ុន្មាននាក់ លើទំហំទឹកប្រាក់ចំនួនប៉ុន្មាន ដើម្បីពិនិត្យមើលលទ្ធភាពប្រមូលអចលនៈទ្រព្យ និងថវិការបស់ខ្លួន ក្នុងការត្រៀមដោះស្រាយជូនគ្រួសាររងគ្រោះវិញ
៤. ចំពោះគ្រួសារ ដែលបានបង់ផ្តាច់ហើយ ជាមួយការទិញលក់ដីឡូត៏នេះ មិនទាន់បានប្លង់កម្មសិទ្ធិ ត្រូវទៅប្រាប់ក្រុមហ៊ុន ជា សារ៉នគ្រុបដើម្បីចេញប្លង់ជូន (ហើយខាងជំនាញរៀបចំជូន)។
៥. ឯកឧត្តមអភិបាលខេត្ត បានឱ្យមេធាវីខេត្ត តំណាងឱ្យគ្រួសាររងគ្រោះ ដើម្បីដាក់ពាក្យស្នើទៅម្ចាស់លុយទាំងអស់ សុំពន្យាក្នុងការទារប្រាក់គ្រប់យ៉ាងនេះ ដើម្បីបង្វិលបន្ទុកនេះ ទៅឱ្យក្រុមហ៊ុន ជា សារ៉នគ្រុបជាអ្នកទទួលខុសត្រូវ ហើយមិនឱ្យមកទារពីគ្រួសាររងគ្រោះឡើយ ព្រោះបន្ទុកនេះក្រុមហ៊ុន ជា សារ៉នគ្រុប ជាអ្នកទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំទាំងអស់។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុងទាំង៩នៅទូទាំងខេត្ត ចុះទៅសម្របសម្រួល និងដោះស្រាយករណីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋរងគ្រោះដែលមានចំនួន ២,៤៦១ គ្រួសារ សរុបទឹកប្រាក់ជិត ៤០ លានដុល្លារ ដែលមានទីតាំងបរិវេណវត្តអង្គឈូក ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ននេះ ឧកញ៉ា ជា សារ៉ន និងបក្ខពួក៨នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ។
រឿងខាងលើនេះក៏ជាមេរៀនសម្រាប់ប្រជាពលរដ្ឋឯទៀតផងដែរ ដើម្បីត្រិះរិះពិចារណាមុននិងវិនិយោគអ្វីមួយដើម្បីកុំឱ្យចាញ់ការបោកបញ្ឆោតរបស់ក្រុមវិនិយោគ៕.jpg)
.jpg)



















