ប្រទេសថៃ ៖ នាពេលឆាប់ៗនេះ ពលរដ្ឋថៃនឹងបានទស្សនា និងរួមគ្នាគាំទ្រកីឡាកររបស់ខ្លួនមកប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ។ ដូច្នេះ ថៃបានត្រៀមកីឡាជាច្រើនប្រភេទដើម្បីចូលរួមប្រកួត ប៉ុន្តែសម្រាប់ក្រុមបាល់ទះនារីជម្រើសជាតិរបស់ថៃវិញ គ្រូបង្វឹកលើកឡើងថា កំពុងតែប្រឈមនឹងបញ្ហាកីឡាការិនីម្នាក់រងរបួស ប៉ុន្តែមិនបានបញ្ជាក់ថា រងរបួសដោយសារអ្វីទេ ។
លោក Danai Sriwatcharamethakul ជាគ្រូបង្វឹកក្រុមបាល់ទះនារីជម្រើសជាតិថៃ បាននិយាយអំពីរបួសស្នាមរបស់កីឡាការិនី Chompoo Pornphan Kerdprat ថា បើតាមកីឡាការិនីរូបនេះប្រាប់ និងតាមលទ្ធផលត្រួតពិនិត្យឃើញថា អាចត្រូវរង់ចាំឱ្យនាងត្រឡប់មកវិញសិន ហើយលោកដឹងថា នាងមិនរងរបួសធ្ងន់ធ្ងរទេ ។
លោក Danai បន្តថា ៖ «បើកីឡាការិនី Chompoo ជាសះស្បើយមិនទាន់ ឬនាងមិនអាចចូលរួមប្រកួតបានទេ យើងបានត្រៀមអ្នកផ្សេងជំនួសហើយ គឺយើងបានត្រៀមអ្នកផ្សេងសម្រាប់ជំនួសគ្រប់តំណែងទាំងអស់ ហើយខ្ញុំគិតថា គ្មានបញ្ហាអ្វីទេ ។ រីឯគោលដៅរបស់យើង គឺត្រូវរក្សាតំណែងជើងឯកឱ្យបានដើម្បីរក្សាស្តង់ដារប្រទេសថៃ» ។
លោក Danai បន្ថែមថា បច្ចុប្បន្ននេះ យើងបានត្រៀមក្រុមហ្វឹកហាត់រួចរាល់ហើយ ប៉ុន្តែសំខាន់យើងត្រូវផ្តោតលើសុវត្ថិភាពរបស់កីឡាករពេលទៅប្រកួតនៅក្រៅប្រទេស ពីព្រោះការប្រកួតមានភាពខុសប្លែកគ្នា ។ ដូច្នេះ ត្រូវការពេលវេលាហ្វឹកហាត់ដើម្បីអាចប្រកួតជាមួយគ្នាយ៉ាងពេញលេញ ។
គ្រូបង្វឹកក្រុមបាល់ទះនារីជម្រើសជាតិរូបនេះបារម្ភថា ៖ «ពេលនេះ ខ្ញុំបារម្ភតែម្យ៉ាងទេ គឺរឿងទីលានសម្រាប់ប្រកួត ព្រោះគេរាយការណ៍មកថា ទីលានប្រកួតនេះធ្វើមិនទាន់រួចរាល់ទេ ។ ដូច្នេះ វានឹងធ្វើឱ្យប៉ះពាល់ដល់កីឡាករ-កីឡាការិនី គឺពួកគេអាចនឹងរងរបួស ។ ហេតុនេះ ពេលប្រកួតយើងត្រូវមើលថែកីឡាករមិនឱ្យពួកគេរងរបួសដាច់ខាត» ។
គ្រូបង្វឹកបញ្ជាក់ថា ក្រុមបាល់ទះនារីជម្រើសជាតិថៃនឹងត្រូវប្រកួតនៅខ្សែ A ជាមួយប្រទេសម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា ហើយក្រុមរបស់យើងនឹងធ្វើដំណើរទៅប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែឧសភា តាមជើងយន្តហោះ WE586 ដើម្បីត្រៀមប្រកួតជាមួយក្រុមម៉ាឡេស៊ី នៅថ្ងៃទី៩ ខែឧសភា ៕
ប្រភព ៖ Thainews










