ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ខេត្តកំពតត្រូវបានជ្រើសរើសជាតាំងសម្រាប់ការប្រកួតកីឡា ប្រណាំងទូក ប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) និងទូកផ្កាចារ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។
បន្ថែមលើនោះរដ្ឋបាលខេត្តមានការរៀបចំស្ដង់ដាក់តាំងបង្ហាញកសិផលផ្លែឈើដូចជា(ទុរេន សាវម៉ៅ ចេកអំបូងលឿង មង្ឃុត ដូង ស្វាយ …) និងការរៀបចំប្រគំ តន្ត្រីបុរាណ សម័យ ការសម្តែងរបាំប្រពៃណី នៅតាមបណ្ដោយមាត់ព្រែកខាងមុខសាលាខេត្តដែលអាចឱ្យប្រជាពលរដ្ឋចូលរួមទស្សនាក្នុងព្រឹត្តការណ៍ប្រកួតដោយផ្ទាល់ដើម្បីជួយគាំទ្រដល់កីឡាករជាតិ និងអន្តរជាតិ ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពតអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ បរិស្ថានស្អាតទាំងអស់គ្នាដើម្បីលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈ ក៏ដូចជាមុខមាត់ខេត្តកំពត៕










