នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបង្ហោះរូបភាពភ្ជាប់ជាមួយខ្លឹមសារងឿងឆ្ងល់ ក្រោយឈ្មោះអ្នកផ្សេងមានងារជារដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ឯកឧត្តម បានសរសេរយ៉ាងដូច្នេះថា «អត់ដឹងគេដូរឯងបាត់ពីពេលណា ? បានដើរទាត់ខ្យល់ម្តង កាច្រិបអូនអើយ» ។ មិនត្រឹមតែឯកឧត្តម ខៀវ កាញារីទ្ធ មានភាពងឿងឆ្ងល់តែប៉ុណ្ណោះទេប៉ុន្តែអ្នកលេងបណ្តាញសង្គមក៏មានការងឿងឆ្ងល់ដូចគ្នាថារឿងនេះជារឿងពិតឬមិនពិតដែលមានការប្តូររដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី ឬគ្រាន់ជាការធ្វេសប្រហែលណាមួយ ។ ប្រសិនជាធ្វេសប្រហែលពិតមែនក៏មានប៉ះពាល់ផលទៅលើក្រសួងវប្បធម៌និងវិចិត្រសិល្បៈដូចគ្នាពីការធ្វេសប្រហែលលើការងារ។
គួរបញ្ជាក់ថា ឯកឧត្តម ខៀវ កាញារីទ្ធ បានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ននេះ ខណៈដល់ថ្ងៃទី១៣ ខែកញ្ញា លោកមានជន្មាយុ ៧២ឆ្នាំ៕










