ក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាផ្លូវការបញ្ចប់ ជារៀងរាល់ឆ្នាំអ្នកស្រុករស់នៅជុំវិញស្ពានបុរាណនៅកំពង់ក្តី មានភូមិត្រាច ភូមិប្រាសាទ ភូមិរំលងជាដើម (ចំណុះជើងវត្តកំពង់ក្តី) តែងមូលមាត់គ្នារៀបចំកិច្ចពិធីឆ្លងឆ្នាំ ដែលជាទំនៀមបុរាណបានបន្តរៀងមកជាយូរយារណាស់មកហើយ។ ពិធីនេះក៏មានអ្នកភូមិផ្សេងទៀតនៅក្បែរៗបានសហការចូលរួមដែរ ដែលជាបរិបទវប្បធម៌តែមួយ មិនគិតពីព្រំដែនរដ្ឋបាលបច្ចុប្បន្ន។May be an image of crowd

ទំនៀបទម្លាប់របស់អ្នកស្រុកកំពង់ក្តីគឺ នៅពេលព្រឹកអ្នកស្រុករៀបចំកិច្ចពិធីនៅក្នុងបរិវេណវត្តកំពង់ក្តីតាមទំនៀមព្រះពុទ្ធសាសនា។ ពេលរសៀលគឺមានសារសំខាន់ទាក់ទងនឹងទំនៀមអ្នកស្រុកផ្ទាល់ ដោយពុំមានវត្តមានព្រះសង្ឃទេគឺចាស់ទុំព្រឹទ្ធាចារ្យក្នុងសហគមន៍ដឹកនាំកិច្ចពិធី។May be an image of 13 people and temple

កម្មវិធីដំបូង អ្នកស្រុកបានរៀបចំពិធីបន់ស្រន់សុំម្ចាស់ទឹកដី ដែលជាអ្នកតាប្រចាំសហគមន៍នៅទីមួយខាងឥសានស្ពានកំពង់ក្តី ដែលមានឈ្មោះបីផ្សេងគ្នា គឺអ្នកតាគង់ អ្នកតាសំរោងឬដំបងដែក និងអ្នកមុខរាហ៍។ ចំពោះអ្នកតាទាំងបីមានគ្រឿងរណ្តាប់ដូចជា ភ្ញីផ្កា បាយសី គ្រឿងក្រអូប ទៀនធូប ផ្លែឈើ បង្អែម ភេសជ្ជៈ ចំអាបមាន់ស្ងោរ ក្បាលជ្រូក បាយសម្លច្រើនមុខជាដើម។ អ្វីដែលប្លែកហើយពុំមាននៅទីណាក្នុងពិធីរបៀបនេះ នោះបន្ថែមនូវខ្សែព្រ័ត្រ ស្រូវ រនាស់ ចប ជនីក អំបោស។ ដំណើរការកម្មវិធីវិញ មានបញ្ចូលរូបស្នងលោកតាទាំងបី ភ្ជួររាស់ កាប់គាស់ បោសសម្អាត ព្រោះស្រូវ រាំជារបាំឆ្វែលខ្ទមអ្នកតាបីជុំ និងបញ្ចប់ដោយទាញព្រ័ត្រដែលមានម្ខាងបុរស និងម្ខាងស្រ្តី។May be an image of 8 people

បន្ទាប់ពីបញ្ចប់កិច្ចពិធីនៅខ្ទមអ្នកតាទាំងបីរួចហើយ អ្នកចូលរួមបានលើកគ្នាទៅកាន់ស្ពានបុរាណកំពង់ក្តីដើម្បីបន្តកិច្ចពិធីបន្ទាប់តាមទម្លាប់។ ជាដំបូងអ្នកស្រុកមកធ្វើកិច្ចពិធីបួងសួងនៅក្បាលស្ពានខាងកើតផ្នែកឦសាន ដោយមានគ្រឿងរណ្តាប់ផ្កាភ្ញី គ្រឿងក្រអូប ផ្លែឈើ ភេសជ្ជៈ បង្អែមចម្អាប តែគ្មានស្រូវនិងគ្រឿងកសិកម្មទេ តែដំណើរការអមដោយភ្លេងបុរាណផង។May be an image of 1 person and crowd

ពេលចប់កិច្ចបួងសួង អាចារ្យតម្រូវឱ្យអ្នកស្រុកយកទឹកទៅលាងនាគដែលជាបង្កាន់ដៃ និងក្បាលស្ពានផង។ បន្ទាប់មក អ្នកស្រុកបានរៀបចំទាញព្រ័ត្រនៅលើដងស្ពានបុរាណផ្ទាល់បន្តទៀត ដែលលើកទីមួយ នៅខាងលិចជាក្រុមនារី ខាងកើតជាក្រុមបុរស។ លើកទី២ ខាងកើតប្តូរមកក្រុមបុរសម្តង ខាងលិចប្តូរមកក្រុមនារីវិញ។ នៅចន្លោះពេលសម្រាកពីទាញព្រ័ត្រម្តង តែងមានការចាក់ទឹក និងរាំឆ្វែលជារង្វង់ រួចបន្តទាញបន្តទៀត និងចុងក្រោយអ្នកភូមិនាំគ្នាទៅទាញព្រ័ត្រផ្តាច់នៅសាលាឆទានជាកិច្ចបញ្ចប់។May be an image of 11 people, chess and flute

ចំពោះមូលហេតុនៃការរៀបចំកិច្ចពិធីដ៏មានសារសំខាន់នេះ បុរាណវិទូនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ លោក អ៊ឹម សុខរិទ្ធី បានយល់ឃើញថា
ការរៀបចំនេះមិនមែនជាពិធីបុណ្សទាក់ទងនឹងព្រះពុទ្ធសាសនាទេ ជាប្រពៃណីទំនៀមទម្លាប់របស់សហគមន៍មនុស្សជុំវិញស្ពានបុរាណនៅកំពង់ក្តីនេះផ្ទាល់ ដោយការទាញព្រ័ត្រដើម្បីផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី។ ចំណែកការចាក់ទឹកលើមនុស្សចូលរួម ជាកិច្ចប្រដូចថានឹងបានភ្លៀងធ្លាក់ខែវស្សា ត្រៀមចូលដល់រដូវធ្វើស្រែចម្ការដោយមានម្ចាស់ទឹកដី អ្នកតាទាំងបីឱ្យពរជ័យ បានភ្លៀងច្រើន គ្មានរន្ទះ ទទួលបានខ្យល់ស្លូត ជៀសផុតរោគភ័យ កសិផលបានច្រើន សហគមន៍ចម្រុងចម្រើន៕