ប្រទេសកម្ពុជា ៖ កីឡាករប្រដាល់នីហ្សេរីយ៉ាឈ្មោះ Manu Selapak បានក្លាយជាកីឡាករម្នាក់ដែលឆក់យកបេះដូងពលរដ្ឋខ្មែរ ក្រោយពីរូបគេបានឡើងប្រកួតលើសង្វៀនប្រដាល់ Cambodia Interclub Martial Arts និងផ្តួលដៃគូជាកីឡាកររុស្ស៊ីឈ្មោះ Dara ក្នុងទឹកទី២ ។ កីឡាករប្រដាល់នីហ្សេរីយ៉ារូបនេះ ត្រូវបានគេយកទង់ជាតិប្រទេសកម្ពុជាមកពាក់ពីក្រោយខ្នង ក្រោយពីរូបគេទទួលបានជ័យជម្នះលើកនេះ ។
កីឡាករ Manu Selapak មានអាជីពជា Fitness trainer ហើយលោកបានមករស់នៅប្រទេសកម្ពុជាអស់ជាច្រើនឆ្នាំមកហើយ ដោយបានស្រឡាញ់គ្នាជាមួយនារីខ្មែរម្នាក់ និងដឹកដៃគ្នាចូលរោងការកាលពីឆ្នាំ២០១៩ ។ កីឡាករ Manu Selapak និងភរិយា មានបុត្រម្នាក់ អាយុ៣ឆ្នាំ ។
កីឡាករ Manu Selapak ដែលមានបេះដូងស្រឡាញ់ប្រទេសកម្ពុជា និងពលរដ្ឋខ្មែរនោះ បានសរសេររៀបរាប់ក្នុងបណ្តាញសង្គមថា ៖ «ពេលនេះ ខ្ញុំអាចនិយាយជាមួយពលរដ្ឋខ្មែរបាន១ពាក្យ គឺអរគុណ ហើយខ្ញុំសន្យាថា នឹងធ្វើឱ្យគុនខ្មែរល្បីល្បាញនៅលើឆាកអន្តរជាតិ» ។
លោកបន្តថា ៖ «ប្រពន្ធខ្មែររបស់ខ្ញុំបាននាំខ្ញុំទៅដើរលេងនៅកន្លែងនានាដែលខ្ញុំមិនធ្លាប់បានទៅ ហើយខ្ញុំចង់ទៅកាន់ទីនោះម្តងទៀត ។ ខ្ញុំស្រឡាញ់ជនជាតិខ្មែរ ស្រឡាញ់ពលរដ្ឋខ្មែរ ហើយក៏សូមអរគុណគ្រប់គ្នាដែលបង្ហាញក្តីស្រឡាញ់ និងគាំទ្រខ្ញុំ» ។
លោកបន្ថែមថា ៖ «នាពេលឆាប់ៗនេះ ខ្ញុំនឹងប្រកួតនៅ MMA ហើយខ្ញុំនឹងធ្វើជាអ្នកតំណាងឱ្យពលរដ្ឋខ្មែរក្នុងការប្រកួតនោះ ។ ខ្ញុំនឹងតស៊ូឱ្យអស់លទ្ធភាពដើម្បីអ្នកគាំទ្រខ្ញុំទាំងអស់ ។ ខ្ញុំនឹងប្រើក្បាច់គុនរបស់គុនខ្មែរដើម្បីយកជ័យជម្នះឱ្យបាន» ។
បច្ចុប្បន្ន កីឡាករ Manu Selapak ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ ដោយសារគេមានទម្លាប់រាប់អានអ្នកដទៃ និងធ្វើឱ្យអ្នកគាំទ្រស្រឡាញ់ចូលចិត្ត ព្រមទាំងទទួលបានការកោតសរសើរទាំងការងារជាគ្រូបង្វឹក, អ្នកប្រដាល់, ជាស្វាមីដ៏ល្អម្នាក់ និងជាឪពុកគួរឱ្យស្រឡាញ់ផងដែរ ។ លើសពីនេះ កីឡាកររូបនេះ ក៏ជាអាយដលម្នាក់របស់អ្នកគាំទ្រគុនខ្មែរ មិនចាញ់កីឡាករប្រេស៊ីល Thiago Teixeira ឡើយ ខណៈកីឡាករ Thiago Teixeira ទើបតែបានទទួលសញ្ជាតិខ្មែរកាលពីពេលថ្មីៗនេះ ហើយអ្នកគាំទ្រកីឡា Muay Thai បានរិះគន់រូបគេយ៉ាងចាស់ដៃ ៕
ប្រភព ៖ sanook










