នៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះគិតត្រឹមថ្ងៃទី១៩ ខែមេសា នេះ ព្រឹត្តិការណ៍ស៊ីហ្គេមនឹងឈានមកដល់ហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈខាងកម្ពុជា កំពុងមមាញឹកយ៉ាងខ្លាំងដើម្បីត្រៀមស្វាគមន៍ប្រតិភូមកចូលរួមប្រកួត។
ការក្លាយជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជា មានក្តីសោមនស្សយ៉ាងខ្លាំង ព្រមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការងារផ្សេងៗឱ្យកាន់តែមានរបៀបរៀបរយត្រៀមស្វាគមន៍ប្រតិភូជាសមាជិកអាស៊ាន និងភ្ញៀវអន្តរជាតិនានាមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ជាក់ស្តែង ការអ៊ុតគំនូសចរាចរកាន់តែមមាញឹក ក្រុមការងារញាប់ដៃញាប់ជើងប្រឹងប្រែងទាំងថ្ងៃទាំងយប់ ដើម្បីឱ្យសម្រស់នៅលើវិថីកាន់តែលេចធ្លោឡើង និងមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍។ មិនត្រឹមតែការអ៊ុតគំនូសចរាចរតែប៉ុណ្ណោះទេ តែខាងកម្ពុជានឹងរៀបចំកន្លែងស្នាក់នៅ ការហូបចុកសម្រាប់អត្តពលិកចូលរួមប្រកួតឱ្យបានល្អជាទីបំផុត។ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់កីឡាករ កម្ពុជាក៏បានអនុញ្ញាតិសិស្សានុសិស្សឈប់សម្រាកវ៉ាកងផងដែរ។
សូមបញ្ជាក់ថាទីតាំងចម្បងទាំង ៣ ក្នុងរាជធានីភ្នំពេញ ដែលនឹងត្រៀមបម្រើដល់ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមមានទីតាំងដូចជា៖
_ ពហុកីឡដ្ឋានជាតិ (អូឡាំពិក) ៩ប្រភេទកីឡា
_ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ១៣ប្រភេទកីឡា
_ ពហុកីឡដ្ឋានជាតិមរតកតេជោ ៩ប្រភេទកីឡា និងកីឡាមួយចំនួននឹងរៀបចំតាមបណ្តាខេត្ត។
បន្ថែមពីលើនេះទៀត ការចូលរួមទស្សនារាល់គ្រប់ប្រភេទកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមមិនតម្រូវឱ្យបង់ប្រាក់ឡើយ ប៉ុន្តែតម្រូវឱ្យមានការកក់សំបុត្រដើម្បីដឹងពីកន្លែងអង្គុយ។ សម្រាប់ប្រតិភូវិញទទួលបានការស្នាក់នៅ-ហូបចុកដោយឥតគិតថ្លៃ និងសម្រាប់ដៃគូផ្សព្វផ្សាយ ទទួលបានសិទ្ធិផ្សាយដោយឥតគិតថ្លៃដូចគ្នា។
គូសបញ្ជាក់ថាព្រឹត្តិការណ៍ស៊ីហ្គេមនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលមានការប្រកួតកីឡាសរុបចំនួន៣៦ប្រភេទ និងដណ្តើមមេដាយមាសចំនួន៦០៨ គ្រឿង ដែលគេចាត់ទុកថាវាជាចំនួនច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រកីឡាអាស៊ាន៕











