អ្នកបើកទូកទេសចរប្រចាំអន្លង់កាំពីបានប្រទះឃើញកូនផ្សោតកើតថ្មីចំនួន០១ក្បាល កំពុងហែលលេងជាមួយហ្វូងផ្សោតពេញវ័យជាច្រើនទៀតនៅអន្លង់កាំពី ភូមិកាំពី ឃុំ ស្រុកចិត្របុរី ខេត្តក្រចេះនាថ្ងៃទី០២នៃចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ ហើយនេះជាកូនផ្សោតទី២ហើយសម្រាប់ឆ្នាំ២០២៣ដែលបានប្រទះឃើញ ខណៈកូនផ្សោតដំបូងត្រូវបានប្រទះឃើញកាលពីខែមីនា កន្លងទៅនេះ។
តាមការឱ្យដឹងពីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានឱ្យដឹងទៀតថា អ្នកបើកទូកទេសចរដែលប្រទះឃើញកូនផ្សោតថ្មីនេះបានរាយការជូនប្រធានឆ្មាំទន្លេ និងមន្ត្រីជលផលខេ្តតក្រចេះ និងបុគ្គលិកអង្គការ WWFដើម្បីជាព័ត៌មាន កត់ត្រានិងតាមដានបន្តទៀត។
តាមរយៈក្រុមស្រាវជ្រាវនៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មីនៅថ្ងៃទី១៨ ខែមេសា តាមការប៉ាន់ប្រមាណកូនផ្សោតនេះទើបតែមានអាយុប្រមាណ០៣ថ្ងៃប៉ុណ្ណោះ។
សូមបញ្ជាក់ជូនថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល ខណៈ៤ខែក្នុងឆ្នាំនេះក្រុមការងារបានកត់ត្រាកូនផ្សោតបាន២ក្បាលផងដែរ៕









