ក្រូចឆ្មារ គឺជាផ្លែឈើមួយប្រភេទមានរសជាតិជូរ ហើយគេនិយមយកវាមកធ្វើជាគ្រឿងផ្សំក្នុងម្ហូបអាហារឱ្យកាន់តែឆ្ងាញ់ ប៉ុន្តែតើដឹងឬទេថា ក្រៅពីការប្រើប្រាស់ធ្វើជាគ្រឿងផ្សំអាហារហើយនោះ វាមានរឿងរ៉ាវពាក់ព័ន្ធនឹងជំនឿតៗគ្នាតាំងពីបុរាណមក ។

ចាស់បុរាណជឿថា ក្រូចឆ្មារនឹងអាចទាក់ទាញរឿងល្អៗឱ្យចូលមកក្នុងផ្ទះរបស់យើង ដោយយើងយកក្រូចឆ្មារពី៧-៨ផ្លែដាក់ក្នុងកន្ត្រក ហើយយកទៅដាក់តាមចំណុចផ្សេងៗក្នុងផ្ទះ នៅលើទូរទឹកកក ឬលើតុអាហារ គេជឿថា វាអាចជួយនាំយកលុយកាក់ចូលផ្ទះ និងស្ថេរភាពការងារផងដែរ ។ រឿងរបស់ក្រូចឆ្មារដូចគ្នានឹងជំនឿតាមហុងស៊ុយដែរ គឺវាអាចជួយទាញយកថាមពលវិជ្ជមាន កម្ចាត់ថាមពលអាក្រក់ និងយកសំណាងល្អចូលក្នុងផ្ទះ ។

កាលពីមុន មានជនបរទេសម្នាក់ធ្លាប់បានសាកល្បងយកក្រូចឆ្មារមកដាក់តាមចំណុចផ្សេងៗក្នុងផ្ទះរបស់ខ្លួនរយៈពេល៩ខែ ហើយនាងប្រាប់ថា មិនប្រាកដចិត្តថា តើក្រូចឆ្មារនឹងអាចនាំជោគលាភមកឱ្យនាងឬអត់ ប៉ុន្តែក្រោយមកនាងមានអារម្មណ៍ថា ជីវិតរបស់នាងបានផ្លាស់ប្តូរទៅរកផ្លូវល្អជាងមុនយ៉ាងខ្លាំង ។

ការកម្ចាត់ថាមពលអាក្រក់ឱ្យចេញពីផ្ទះនោះ យើងអាចធ្វើបានដោយការយកក្រូចឆ្មារចំនួន៣ផ្លែមកកាត់ជា៤ផ្នែក (មិនឱ្យដាច់ពីគ្នា) រួចរោយអំបិលតិចៗដាក់នៅលើថាស ឬកន្ត្រកតូចៗ បន្ទាប់មក ដាក់វានៅលើតុក្បែរគ្រែគេងជារៀងរាល់យប់ វានឹងជួយបណ្តេញរឿងមិនល្អឱ្យចេញក្រៅ និងទាញយករឿងល្អមកវិញ ។

សារៈប្រយោជន៍របស់ក្រូចឆ្មារ ៖
១-ច្របាច់ក្រូចឆ្មារដាក់ចូលក្នុងទឹកក្តៅឧណ្ឌៗ រួចយកវាទៅដាក់ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ វានឹងជួយធ្វើឱ្យបរិយាកាសក្នុងបន្ទប់កាន់តែស្រស់ថ្លា និងបញ្ចេញខ្យល់បានល្អ ជាពិសេស នៅពេលសម្រាកពេលយប់ វានឹងជួយឱ្យយើងអាចដកដង្ហើមបានស្រួល ។
២-យើងអាចច្របាច់ក្រូចឆ្មារ១ផ្លែដាក់ជាមួយទឹកក្តៅឧណ្ឌៗ ហើយដាក់អំបិលចូលបន្តិច ឬដាក់ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ ហើយផឹកមុនចូលគេង វានឹងធ្វើឱ្យយើងគេងលក់ស្រួលពេញ១យប់ ។
៣-យើងអាចយកសម្បកក្រូចឆ្មារទៅដាក់នៅតាមជ្រុងផ្ទះ ដើម្បីកាត់បន្ថយក្លិនអួរអាប់បានយ៉ាងល្អ ។

ហេតុនេះ ក្រូចឆ្មារមានគុណសម្បត្តិច្រើនយ៉ាង និងមានជំនឿពាក់ព័ន្ធនឹងហុងស៊ុយផងដែរ ។ ការផឹកទឹកក្រូចឆ្មារនៅពេលព្រឹក ឬមុនចូលគេង ឬយកក្រូចឆ្មារទៅដាក់តាមចំណុចនានាក្នុងផ្ទះដើម្បីហៅថាមពលល្អៗចូលក្នុងផ្ទះ និងជីវិតរបស់យើង យើងអាចសាកល្បងធ្វើតាម ហើយធានាថា ជីវិតរបស់យើងនឹងល្អប្រសើរឡើងយ៉ាងពិតប្រាកដ៕The Benefits Of Placing A Sliced Lemon Near Your Bed - Homemaking.com |  Homemaking 101 | Daily Disciplines for Every Homemaker ប្រភព ៖ krustory