បន្ទាប់ពីរងពាក្យរិះគន់ពីមហាជនសាជាថ្មីចំពោះពាក្យសម្តីថា «១លានបេះដូងជាបេះដូងក្លែងក្លាយ» លោក ឯម រៀម បានសរសេរសារសុំទោសនៅលើបណ្តាញសង្គមហើយ ប៉ុន្តែមហាជនបានសម្តែងអារម្មណ៍ហាក់មិនអាចទទួលយកបាននូវពាក្យសុំទោសរបស់លោកឡើយ។
កាលពីថ្ងៃទី១០ ខែមេសា អ្នកច្នៃម៉ូដ ឯម រៀម ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីប្រទេសបារាំង បានបង្ហោះសារមួយដោយលើកឡើងថា « ១លាន បេះដូងក្លែងក្លាយ បើជាថវិការដ្ឋសូមចូលរួមសោកស្តាយ តែបើជាទឹកចិត្តរបស់បងប្អូន មិនគួរធ្វើនៅទីនេះ…» ស្របពេលកម្ពុជាត្រៀមនឹងបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» នៅបរិវេណប្រាសាទអង្គរវត្ត។ រឿងនេះបានធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំង ក្នុងនោះក៏មានការប្រតិកម្មពីឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ឧកញ៉ា ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ជាដើម។ ក្រោយពេលមហាជនរិះគន់ចាស់ដៃនោះ លោកឯម រៀម បានកែសម្រួលខ្លឹមសារការបង្ហោះរបស់លោកឡើងវិញប៉ុន្តែនៅតែរងពាក្យរិះគន់ពីមហាជនដដែល។
យ៉ាងណានៅព្រឹកថ្ងៃទី១១ ខែមេសា លោក ឯម រៀម បានបង្ហោះសារសុំទោសមហាជនដោយលោកបានរៀបរាប់យ៉ាងដូច្នេះថា «សូមអភ័យទោសពីបងប្អូន ន័យដែលខ្ញុំបានសរសេរ Caption ខុសអត្ថន័យ របស់១លានបេះដូងកាត់បត់ កាលម្សិលមិញ ហើយខ្ញុំក៏បានកែសម្រួលរួច Caption ឡើងវិញហើយ ដូចនេះហើយសូមខន្តី និងអភ័យផង ដោយខ្ញុំមិនបានពិចារណា ហើយពីពេលនេះទៅសន្យាថានិងធ្វើសិល្បៈរបស់ខ្ញុំ និងមិនប៉ះពាល់ដល់សង្គមឡើយ…»។
ការបង្ហោះសារសុំទោសពីលោកឯម រៀម ពីទង្វើរបស់ខ្លួនក្នុងន័យបំបាក់ទឹកចិត្តចំពោះអ្នកចូលរួមបត់បេះដូងរាប់ម៉ឺននាក់ និងទង្វើខុសឆ្គងម្តងហើយម្តងទៀតនេះមហាជនមួយចំនួនក៏បង្ហាញអារម្មណ៍មិនអាចទទួលយកបានការសុំទោសរបស់លោកឯម រៀម ឡើយព្រោះអាងអីធ្វើខុសសុំទោសរួចក៏ចប់។
អ្នកលេងបណ្តាញសង្គមលើកឡើងថា «ដូចទំលាប់ធ្វើខុសសុំទោសហើយចប់។តើថ្ងៃក្រោយទៀតអត់លោកច្នៃម៉ូត? , សុំទោសទៀតហា , មិនដឹងជាលោកបណ្ឌិត/លោកស្រីបណ្ឌិត សុំអភ័យទោសពិតឬអត់ទេ? មើលសំណេរសរសេរដោយចេតនា ឬអចេតនា, ប្រាប់ថាមិនទទួលទេព្រោះEdit ជិត10ដងហើយ»។
អ្នកខ្លះលើកឡើងទៀតថា «អាយុច្រើនហើយមិនគួរណាប្រព្រឹត្តទង្វើដដែលៗមួយដងជាពីរដងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិនោះទេលោកពូ វាយប្រហារបេះដូងស្មោះត្រង់របស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលខំលះបង់យកមកធ្វើជាប្រធានបទដើម្បីទាក់ទាញចំណាប់អារម្មណ៍ទង្វើរបស់លោកពូមិនសមរម្យសោះ, សុំទោសបែបឌឺដងហើយដាក់រូបមុខមកធ្វើអីណាដៃសំពះអត់មានដៃលើសំពះមែនបើចឹងដដែលកុំអីគេជេលើសមុនទៀត»៕











