ប្រទេម៉ាឡេស៊ី ៖ ប្រទេសម៉ាឡេស៊ីមានគម្រោងពង្រីកការនាំចេញដូងប្រេងទៅកាន់ទីផ្សារអាហ្វ្រិក និងមជ្ឈិមបូព៌ា ដោយបង្កើតជាមជ្ឈមណ្ឌលកណ្តាលថ្មីមួយសម្រាប់ការនាំចេញទៅកាន់ប្រទេសអេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត ។
លោក Fadillah Yusof ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជារដ្ឋមន្ត្រីក្រសួងកសិ-ឧស្សាហកម្ម និងផលិតផល បានថ្លែងថា ក្រសួង និងក្រុមផលិតដូងប្រេងរបស់ម៉ាឡេស៊ីបានព្យាយាមស្វែងរកទីផ្សារថ្មីៗ ក្រោយពីម៉ាឡេស៊ីបាននាំចេញដូងប្រេងទៅកាន់ទីផ្សារនៅក្រៅប្រទេសកើនឡើង ។ ហេតុនេះ ម៉ាឡេស៊ីជាប្រទេសនាំចេញដូងប្រេងដ៏ធំមួយស្ថិតក្នុងលំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ។ ចំណែកប្រទេសនាំចូលដូងប្រេងពីម៉ាឡេស៊ី រួមមាន ឥណ្ឌា ចិន និងហ្វីលីពីន ។
លោក Fadillah Yusof បានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតប្រទេសអេហ្ស៊ីបប្រចាំម៉ាឡេស៊ីថា អេហ្ស៊ីបក៏ចង់ក្លាយជាមជ្ឈមណ្ឌលកណ្តាលក្នុងតំបន់ផងដែរ ក្នុងការនាំចេញដូងប្រេងទៅកាន់ទីផ្សារទ្វីបអាហ្វ្រិក ។ ដូច្នេះ អេហ្ស៊ីបត្រូវការនាំចូលប្រេងដូងបន្ថែមទៀតពីម៉ាឡេស៊ីដូចគ្នា ។
ទោះយ៉ាងណា ការនាំចេញដូងប្រេងរបស់ម៉ាឡេស៊ីទៅកាន់តំបន់មជ្ឈឹមបូព៌ាបានកើនឡើង៣២% នៅក្នុង២០២២ កន្លងមក ហើយការនាំចេញទៅកាន់ទ្វីបអាហ្វ្រិកខាងជើងបានកើនឡើង៥១% ។
ក្រៅពីនេះ លោក Fadillah Yusof គិតថា ប្រទេសចិនក៏ចាប់អារម្មណ៍នាំចូលដូងប្រេងផងដែរ ដូច្នេះ គេចាត់ទុកថា ដូងប្រេងគឺជាទំនិញមួយមានស្ថេរភាព និងអាចបង្កើនផលិតផលក្នុងស្រុកសរុប (GDP) ដល់ប្រទេសម៉ាឡេស៊ីបានយ៉ាងច្រើនមហាសាល បើទោះជាពិភពលោកកំពុងប្រឈមនឹងវិបត្តិផ្សេងៗ រួមទាំងការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ក្តី ៕
ប្រភព ៖ AEC Connect










