១.កោះកុងក្រៅ ជាកោះធំទីមួយ របស់ប្រទេស ដែលមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ មានទទឹង ៧ គីឡូម៉ែត្រ បណ្តាយប្រហែល ២២ គីឡូម៉ែត្រ ហើយក៏ជាកោះខ្ពស់ជាងគេ ក្នុងតំបន់ឈូងសមុទ្រថៃផងដែរ គឺមានកម្ពស់រហូតដល់ ៤១៨ ម៉ែត្រពីនីវូទឹកឯណោះ។ កោះនេះ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។
២.កោះថាសគឺជាដែនកោះមួយ ដែលមានចម្ងាយប្រមាណ៨គីឡូម៉ែត្រពីឆ្នេរកោះពស់ យើងអាចធ្វើដំណើរទៅកាន់កោះមួយនេះ ដោយជិះទូកចេញពីឆ្នេរកោះពស់ ក្នុងទិសដៅស្របគ្នាជាមួយ ខ្សែទឹកទៅកាន់កោះរ៉ុងនិងរ៉ុងសន្សឹមដោយប្រើពេលប្រមាន៤០នាទីទៅ១ម៉ោង។ កោះនេះ គឺជាកោះតូចមួយ មានទំហំត្រឹមតែ ០,៩ម៉ែត្រការ៉េ និងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុងព្រះសីហនុ ពោលគឺត្រឹមតែ ៧គីឡូម៉ែត្រពីដីគោក។ ចំណុចទាក់ទាញរបស់កោះដ៏តូចនេះ គឺមានព្រៃក្រាស់ និងខៀវស្រងាត់។
៣.ឆ្នេរសុខសាន្ត កោះរ៉ុង មានទីតាំងស្ថិតនៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រ ពីរង្វង់មូលតោពីរ។ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនេះ លាតសន្ធឹងប្រមាណជា ៦០០០ម៉ែត្រ។ ជំនោរសមុទ្រដ៏បរិសុទ្ធ លាយឡំជាមួយនឹងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ធ្វើឲ្យសោភ័ណ្ឌភាពនៅទីនេះ ស្រស់ស្អាតគ្រប់រដូវកាល ជាពិសេសចាប់ពីខែធ្នូ រហូតដល់ខែមេសា ទឹកសមុទ្រនៅទីនេះនឹងប្រែជាពណ៌ខៀវស្រងាត់ ធ្វើឲ្យបរិយាកាសនៃឆ្នេរសុខសាន្តកាន់តែទាក់ទាញបំផុត។ 
៤.កោះស្មាច់ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល ១៤៨ គីឡូម៉ែត្រ ពីរង្វង់មូលខេត្តកោះកុង។ ជាកោះមួយដែលមានទេសភាពស្អាតគួរជាទីចាប់អារម្មណ៏មួយដែលមានបរិយាកាសដ៏ល្អ ឆ្នេរខ្សាច់ពណ៌ស ហើយផ្ទៃសមុទ្រខៀវស្រងាត់។
៥.ឆ្នេរអង្កោល មានទីតាំងស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ឆ្នេរអង្កោល គឺជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធមួយកន្លែង ដែលមានចម្ងាយប្រមាណ១៧គីឡូម៉ែត្រពីក្រុងកែប ធ្វើដំណើរប្រហែល២៥នាទី។បរិយាកាសនៅទីនោះ នឹងរំសាយនូវទុក្ខកង្វល់ បង្កើនភាពរីករាយ និងផ្តល់អារម្មណ៍ស្រស់ស្រាយជាក់ជាពុំខាន។ លោកអ្នក ក៏អាចទទួលនូវបទពិសោធន៍ថ្មីៗដោយការបោះតង់ និងស្វែងយល់ពីសកម្មភាពនេសាទផងដែរ៕










