Home ព័ត៌មានអន្តរជាតិ ឡាវក្លាយជាប្រទេសមានមន្តស្នេហ៍បំផុតនៅអាស៊ាន

ឡាវក្លាយជាប្រទេសមានមន្តស្នេហ៍បំផុតនៅអាស៊ាន

120
0

ប្រទេសឡាវ ៖ Forbes ជាទស្សនាវដ្តីជំនួញហិរញ្ញវត្ថុអាមេរិកបានចុះផ្សាយថា ឡាវជាប្រទេសមួយមានមន្តស្នេហ៍បំផុតក្នុងតំបន់អាស៊ាន បើទោះជាឡាវគ្មានឆ្នេរសមុទ្រ ប៉ុន្តែប្រទេសនេះមានភ្នំដ៏ស្រស់ស្អាត ផ្ទៃដីស្រែមានជីជាតិ និងមានទន្លេមេគង្គហូរកាត់ប្រទេស ។ លើសពីនេះ ទស្សនាវដ្តី Forbes បានសរសើរឡាវផងដែរថា ជាទីកន្លែងទេសចរណ៍វប្បធម៌គួរឱ្យទាក់ទាញ និងសម្បូរដោយបទពិសោធន៍ ប៉ុន្តែការអភិវឌ្ឍអាជីវកម្មរបស់ឡាវមិនសូវខ្លាំងក្លាទេ ។

ក្រៅពីនេះ ទស្សនាវដ្តី Forbes បានសរសេររៀបរាប់ពីទីក្រុងហ្លួងព្រះបាងថា បានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកក្នុងអង្គការយូណេស្កូតាំងពីឆ្នាំ១៩៩៥ ដោយប្រទេសឡាវជាគ្រាប់ត្បូងនៅអាស៊ានដែលត្រូវគេមើលរំលង ហើយឡាវមានមរតកដ៏មានតម្លៃ មានប្រពៃណីយូរលង់ និងមានវប្បធម៌រាប់បាត្របាយដំណើប ។ ដូច្នេះ ចំណុចទាំងអស់នេះហើយធ្វើឱ្យឡាវមានមន្តស្នេហ៍គួរឱ្យទាក់ទាញ ។

សម្រាប់ភ្ញៀវទេសចរដែលចង់មានបទពិសោធន៍រាប់បាត្រនៅប្រទេសឡាវ ទស្សនាវដ្តី Forbes បានណែនាំពីលក្ខណៈពិសេសរបស់ Orange Robe Tours គឺជាស្ថាប័នមួយ ដែលបានជួលព្រះសង្ឃទើបសឹកមកធ្វើជាមគ្គុទ្ទេសទេសចរនាំភ្ញៀវដើរទស្សនានៅតាមទីកន្លែងនានា ។ ភ្ញៀវទេសចរអាចស្តាប់ការរៀបរាប់របស់មគ្គុទ្ទេសទេសចរពីតំបន់កម្សាន្តយ៉ាងស៊ីជម្រៅ និងយល់ដឹងពីការបួសរៀនធ្វើជាព្រះសង្ឃនៅក្នុងវត្តរហូតដល់សឹកវិញ ។

ទស្សនាវដ្តីនេះក៏បានសរសេរពីរាជធានីវៀងចន្ទន៍ និងទីក្រុងទេសចរណ៍ល្បីល្បាញនានាផងដែរ ក្នុងនោះបានណែនាំចំណីអាហាររបស់ឡាវ ព្រមទាំងសណ្ឋាគារសម្រាប់ភ្ញៀវទេសចរមានគ្នា២នាក់ និងកម្មវិធីនានាគួរឱ្យចាប់អារម្មណ៍ ដែលធ្វើឱ្យភ្ញៀវទេសចរអាចចូលរួមយ៉ាងសប្បាយរីករាយ ។ លើសពីនេះ ប្រទេសឡាវមានខ្សែរថភ្លើងឡាវ-ចិន ដែលទើបផ្តល់សេវាកម្មកក់សំបុត្រតាមអនឡាញ និងជួយបង្កើនលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរនៅឡាវទៀតផង ៕

ប្រភព ៖ AEC connect