កន្លងមកមានប្រជាពលរដ្ឋមួយចំនួនមានចង្ងល់យ៉ាងខ្លាំង ដោយបានចោទសួរទៅខាងធនាគារជាតិជារឿយៗករណីតាមធនាគារមានការតំឡើងអាត្រាការប្រាក់។ បញ្ហានេះលោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានពន្យល់ថាការតម្លើងនេះគឺដោយសារអាត្រាការប្រាក់លើទីផ្សារអន្តរជាតិកើនឡើង ហើយធនាគារនៅកម្ពុជាក៏ត្រូវរងឥទ្ធិពលពីការកើនឡើងនេះដែរ ដែលធ្វើឱ្យតម្លៃដើមខ្ពស់ជាងមុន។

លោកជំទាវ បានបញ្ជាក់នៅល្ងាចថ្ងៃទី៦ ខែមេសា នេះទៀតថា ធនាគារដែលខ្ចីប្រាក់ពីបរទេសត្រូវបង់ការប្រាក់ខ្ពស់ជាងមុន ហើយធនាគារដែលប្រើប្រាស់ទុនក្នុងស្រុកក៏បានចំណាយការប្រាក់ខ្ពស់ជាងមុនឱ្យអ្នកដាក់ប្រាក់បញ្ញើរ ដែលអាត្រាប្រាក់បញ្ញើរគឺមានការកើនឡើងសឹងតែគ្រប់ធនាគារ ព្រោះអ្នកដាក់លុយចង់បានការប្រាក់ខ្ពស់ ឯអ្នកខ្ចីចង់បានការប្រាក់ទាប។ ដូចនេះធនាគារមួយចំនួនក៏បានសម្រេចចិត្តតម្លើងអាត្រាការប្រាក់លើឥទានអតិថិជនរបស់ខ្លួន។

បន្ថែមពីលើនេះ លោកជំទាវ ជា សិរី បានលើកឡើងថា ការធ្វើបែបនេះលោកជំទាវមិនអាចនិយាយថាខុសឬត្រូវទេវាអាស្រ័យលើការឯកភាពគ្នារវាងភាគីទាំងសងខាងទៅតាមកិច្ចសន្យា ដោយកិច្ចសន្យាខ្លះគឺផ្អែកលើអាត្រាអណ្តែតអន្តរជាតិ បើអាត្រាអន្តរជាតិឡើង អាត្រាឥណទានក៏ឡើង ហើយបានអាត្រាអន្តរជាតិធ្លាក់ថ្លៃ អាត្រាឥណទានក៏ត្រូវបន្ទាបតាមហ្នឹងដែរ។ ដូច្នេះអតិថិជនទាំងឡាយគួរពិនិត្យកិច្ចសន្យាឱ្យបានច្បាស់មុនសម្រេចចិត្តចុះហត្ថលេខា។ ចំណែកឥណទានខ្លះ អាត្រាការប្រាក់ត្រូវបានកំណត់ទុកជាមុនក្នុងរយៈពេលសរុបនៃការខ្ចី ធនាគារត្រូវចរចាឡើញវិញជាមួយអតិថិជន បើមានការប្រែប្រួលលក្ខខណ្ឌ ជៀសវាងមានជម្លោះណាមួយ៕











