សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៥ ខែមេសា លោក Kevin McCarthy ប្រធានសភាតំណាងរាស្ត្រអាមេរិកបានទទួលស្វាគមន៍ និងពិភាក្សាជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅរដ្ឋកាលីហ្វ័រញ៉ា បើទោះជាការជួបគ្នានេះមានការគំរាមកំហែងពីចិនក្តី ខណៈចិនលើកឡើងថា តៃវ៉ាន់ជាទឹកដីរបស់ខ្លួន ។ លោក Kevin McCarthy បានក្លាយជាមន្ត្រីកំពូលរបស់រដ្ឋាភិបាលអាមេរិក ដែលបានជជែកពិភាក្សាជាមួយមេដឹកនាំតៃវ៉ាន់នៅលើទឹកដីអាមេរិកក្នុងរយៈពេល៤៤ឆ្នាំ គិតចាប់ពីឆ្នាំ១៩៧៩ មក ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIBw6AKPu24hzqlPU6TTrgnMS_1sIB91r3dRfi7DMIDPsRBYL9DJjlT89Ebte43DK3o5RXkZed0QVmjmOmMz3uYQU8VViJoTGj4NWQ-9J8ijpLxBNAbV7NXEi4wkGR2iQOdTNOeHJwcsaQlgRKkjyMxYsrr9AzVt9DVwn8Xn9aob5uT1_TneAsyT8-/s800/photo_2023-04-06_17-07-11.jpg

លោក Kevin McCarthy ជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ហើយបើតាមតួនាទីរបស់លោកក្នុងសភាតំណាងរាស្ត្រ គឺលោកជាមេដឹកនាំលេខ៣ ក្នុងចំណោមមេដឹកនាំរបស់អាមេរិក បានទទួលស្វាគមន៍លោកស្រី Tsai Ing-wen កាលពីព្រឹកថ្ងៃទី៥ ខែមេសា នៅបណ្ណាល័យរបស់អតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan នៅ Simi Valley រដ្ឋកាលីហ្វ័រញ៉ា ជិតទីក្រុង Los Angeles ។ គេសង្កេតឃើញថា មានក្រុមអ្នកគាំទ្រតៃវ៉ាន់ជាច្រើននាក់បានមកប្រមូលផ្តុំគ្នានៅខាងក្រៅបណ្ណាល័យដើម្បីបង្ហាញការគាំទ្រ និងលើកទង់ជាតិតៃវ៉ាន់ផងដែរ ។

លោកស្រី Tsai Ing-wen បានថ្លែងអំណរគុណអាមេរិកដែលប្រកាន់ជំហរនៅខាងតៃវ៉ាន់រហូតមក និងនៅពេលប្រជាធិបតេយ្យត្រូវបានគេគំរាមកំហែង ។ លោកស្រីក៏បានជជែកជាមួយមន្ត្រីមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋផងដែរអំពីភាពជឿជាក់របស់លោកស្រី និងសំដៅលើអតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan ដែលបានថ្លែងថា ៖ «ដើម្បីរក្សាសន្តិសុខប្រទេសជាតិ យើងត្រូវតែមានភាពរឹងមាំ» ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHx5amk-jAvPZPXtLKf3jSSgtb5Y7_yPhBf_Bylhks7OUBzbZ-VLTxmzyMG_ehsGbvoTu7aK9LRfvGmJDQWcliaZjhYsvp52-GDWiMJuCsE8JRxaMcPX4R8x0BeG_GeANF9W6Xl5bKjb8L6BMZyjbICpzkWhWvc_1ECq85LdX8WqirbKG9XMUAe0O-/s800/photo_2023-04-06_17-07-00.jpg

ចំណែកលោក Kevin McCarthy បានថ្លែងទៅកាន់មេដឹកនាំតៃវ៉ាន់ថា មិត្តភាពរវាងពលរដ្ឋតៃវ៉ាន់ និងអាមេរិក គឺជារឿងសំខាន់ចំពោះពិភពលោកសេរី និងសំខាន់ចំពោះការរក្សាសេរីភាពសេដ្ឋកិច្ច សន្តិភាព និងស្ថេរភាពក្នុងតំបន់ ។

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២២ ប្រទេសចិនបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ក្រោយពីលោកស្រី Nancy Pelosi ដែលជាប្រធានសភាតំណាងរាស្ត្រអាមេរិកនៅពេលនោះ បានធ្វើដំណើរទស្សនកិច្ចមកកាន់តៃវ៉ាន់ ។

ក្រសួងការពារជាតិតៃវ៉ាន់ថ្លែងថា មាននាវា១គ្រឿងដែលផ្ទុកយន្តហោះអាមេរិកស្ថិតនៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគអាគ្នេយ៍កោះតៃវ៉ាន់ មុនពេលការជួបពិភាក្សាគ្នារវាងលោកស្រី Tsai Ing-wen និងលោក Kevin McCarthy នៅរដ្ឋកាលីហ្វ័រញ៉ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkJ2L6FEEURRgkzXcSdovAtBdgHk6ZfJrKgEBxTVLv4CrqWR_AMhaX-AUcUQ0SmnnZav8KRNrGxyABxj3Ij1I60W2ZGkT20Ga2wkqZYehiFqAz7dNuljRM2sL_3IQU2UscVNTZ4WdFDEdLmYJRrGCtspu_FPLR_lMwOPkQcKnBAyyLMuh8C_RcRb6e/s1280/photo_2023-04-06_14-28-20.jpg

ទោះយ៉ាងណា បណ្តាអ្នកវិភាគគិតថា ការជួបគ្នារវាងមេដឹកនាំតៃវ៉ាន់ និងអាមេរិកលើកនេះ ប្រទេសចិននឹងតបតវិញខ្លាំងក្លាជាងពេលដែលលោកស្រី Nancy Pelosi មកកាន់តៃប៉ិទៅទៀត ៕ ប្រភព ៖ TNN World