សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារសំឡេងទាំងយប់នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានសាររបស់លោកជំទាវ តាំង ហ្គិចលៀង ចេញមុខសុំទោសជាសាធារណៈចំពោះកំហុសឆ្គងប្រៀបធ្រៀបប្រជាពលរដ្ឋធម្មតាជាគីឡូស្រាល។ សម្តេច បានលើកឡើងថាពាក្យពេចន៍ដែលប្រមាថមើលងាយទៅលើប្រជាពលរដ្ឋទាំងនេះសម្តេចមិនអាចទទួលយកបានទេ សម្តេចឈរនៅខាងប្រជាពលរដ្ឋ។ សម្ដេចបានផ្ដាំថាកុំភ្លេចកំណើតរបស់ខ្លួន ព្រោះចេញពីរបប ប៉ុល ពត មកគ្មានអ្នកណាមាននោះទេ។
មហាជនអ្នកលេងបណ្តាញសង្គមជាច្រើនបានប្រតិកម្មចំពោះពាក្យសម្តី «អ្នកមាន និងអ្នកក្រ » ម្តងហើយរបស់លោកជំទាវ តាំង ហ្គិចលៀង អគ្គនាយិកាក្រុមហ៊ុន H&L គ្រុប និងជាប្រធានក្លឹបស្រ្តីកម្ពុជា ខណៈរឿងនេះនាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើឱ្យបញ្ឃប់ការវែកញែករឿងនេះបន្តទៀត។ យ៉ាងណាមិញរឿងនេះបានស្ងប់បន្តិច ស្រាប់តែកំហឹងប្រជាពលរដ្ឋបានផ្ទុះម្តងទៀតបន្ទាប់ពីបែកធ្លាយសារសំឡេងរបស់លោកជំទាវ តាំង ហ្គិចលៀង ប្រៀបធ្រៀបប្រជាពលរដ្ឋទូទៅធម្មតាជាគីឡូស្រាល រហូតលោកជំទាវបានចេញមុខសុំទោស ជាសាធារណៈទាំងយប់ទៅដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ទទួលស្គាល់កំហុសមិនថាជាវីដេអូ ឬសារសំឡេងរបស់ខ្លួន។
បន្ទាប់ពីលោកជំទាវ តាំង ហ្គិចលៀងបានចេញមុខសុំទោសជាសាធារណៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារទាំងយប់ថា ការលើកឡើងរបស់លោកជំទាវ តាំង ហ្គិចលៀង ប្រៀបធៀបប្រជាជនធម្មតាជាគីឡូស្រាល ដែលគិតថាអ្នកគីឡូស្រាលគ្មានតម្លៃអ្វី សម្ដេចមិនអាចទទួលយកបាននូវពាក្យពេចន៍ដែលប្រមាថមើលងាយទៅលើប្រជាពលរដ្ឋនោះទេ ហើយសម្ដេចនៅឈរជាមួយពលរដ្ឋ។
សម្ដេចថា៖ «ក្មួយត្រូវតែដឹងថានៅក្នុងសង្គមគ្មានអ្នកណាក៏គីឡូទាប គ្មានអ្នកណាគីឡូខ្ពស់ទេមនុស្សមានសិទ្ធិសេរីភាពដូចគ្នា។ ហើយយើងគួរតែបញ្ជាក់ថា ពូជអ្នកមានវាដាច់ពូជអស់ទៅហើយក្នុងជំនាន់ប៉ុលពតនោះ!»។ សម្ដេចតេជោ សង្ឃឹមថាអ្នកមានជំនាន់ថ្មីសម័យនេះមិនមើលងាយទៅដល់អ្នកខ្សត់ខ្សោយនោះទេ ដោយបានលើកឡើងពីក្ដីបារម្ភនៃការប្រឆាំងវណ្ណៈអាចកើតឡើងបានដោយសារបញ្ហានេះ ដែលនឹងអាចក្លាយជាបញ្ហាសង្គមធ្ងន់ធ្ងរ។ សម្ដេចបញ្ជាក់ថា ល្អហើយដែលលោកជំទាវ តាំង ហ្គិចលៀង សុំទោសទាន់ពេលវេលា ប្រសិនបើមិនដូច្នេះនឹងមានជម្លោះនៃការបែកបាក់ បែងចែកវណ្ណះ ។

ជាមួយគ្នានេះសម្ដេចតេជោ ក៏បានបញ្ចេញនូវវីដេអូលោកជំទាវ តាំង ហ្គិចលៀង សុំទោសជាសាធារណៈនូវកំហុសឆ្គងពាក្យសម្ដីរបស់ខ្លួននិងថាលោកជំទាវនឹងលុបលាងនៅកំហុសនេះឡើងវិញផងដែរ។ សម្ដេចបានស្នើឱ្យបញ្ឈប់ការវាយប្រហារគ្នាបន្តទៀតលើរឿងអ្នកមាន និងអ្នកក្រ តាមរយៈវីដេអូនៃការសុំទោសនេះ។
សម្ដេចបន្តថា៖ «ខ្ញុំព្រះករុណាខ្ញុំជឿជាក់ថាអ្វីដែលជាសំណូមពររបស់ខ្ញុំព្រះករុណាខ្ញុំនេះមិនហួសហេតុទេ។ ហើយខ្ញុំព្រះករុណាខ្ញុំក៏សង្ឃឹមថាក្មួយស្រី តាំង ហ្គិចលៀង នឹងទទួលយកនូវកំហុសនេះដកស្រង់នៅកំហុសនេះដើម្បីរៀននិយាយឡើងវិញដើម្បីកុំឱ្យប៉ះនៅមូលដ្ឋានគ្រឹះនៃប្រទេសជាតិគឺប្រជាជននោះឯង»។
ក្នុងនោះដែរ សម្តេចបានស្នើឱ្យលោកជំទាវ តាំង ហ្គិចលៀង បញ្ឈប់ចេញយោបល់មួយរយៈពេលសិន៕










