ឪពុកម្តាយទាំងឡាយអាចបង្រៀនកូនឱ្យស្តាប់បង្គាប់របស់យើង ប៉ុន្តែមិនចាំបាច់គំរាមឱ្យពួកគេខ្លាចទេ ។ ការគំរាមនេះ វានឹងទទួលបានលទ្ធផលល្អ ក្នុងករណីចង់ឱ្យកូនឈប់ឌឺ ឈប់យំងិកង៉ក់ និងស្តាប់តាមយើង ។ តើឪពុកម្តាយនឹងបង្រៀនកូនឱ្យឈប់រឹងរូសតាមវិធីណា ដោយមិនប្រើការគំរាម ?
១-ត្រូវតែដាក់វិន័យចំពោះកូន ៖
នៅពេលកូនមានវិន័យ ដឹងពីតួនាទីរបស់ខ្លួនឯង និងចេះរង់ចាំនោះ ឪពុកម្តាយនឹងងាយស្រួលជជែកជាមួយពួកគេ ហើយធ្វើឱ្យកូនកាត់បន្ថយភាពរឹងរូស និងស្តាប់ពីហេតុផលកាន់តែច្រើនឡើង ។
២-ធ្វើកិច្ចសន្យាជាមួយកូន ៖
មុននឹងឱ្យកូនធ្វើអ្វីមួយ យើងអាចសាកល្បងប្រើវិធីធ្វើកិច្ចសន្យាជាមួយកូនជាមុនសិន ដោយឱ្យពួកគេបានយល់ពីលក្ខខណ្ឌ និងទទួលស្គាល់កិច្ចព្រមព្រៀងដែលបានធ្វើរួមគ្នានេះ ។
៣-ជជែកជាមួយកូនដោយមានហេតុផល ៖
ការប្រើប្រាស់ហេតុផល គឺជាវិធីល្អបំផុតក្នុងការជជែកជាមួយកូន ខណៈឪពុកម្តាយមិនចង់ឱ្យកូនរឹងរូស និងចង់ឱ្យកូនឈប់រញ៉េរញ៉ៃ ។ ការជជែកជាមួយពួកគេដោយប្រើហេតុផល ហើយមិនប្រើអារម្មណ៍ វានឹងជួយឱ្យពួកគេស្តាប់យើងកាន់តែច្រើន និងប្រកែកជាមួយយើងតិចជាងមុន ។
៤-និយាយបែបណា ធ្វើបែបហ្នឹង ៖
ឪពុកម្តាយតែងនិយាយគំរាមកូនជាច្រើនលើក ឬនិយាយឱ្យកូនខ្លាច ប៉ុន្តែឪពុកម្តាយមិនដែលវាយកូនពិតប្រាកដទេ ។ អ្នកខ្លះនិយាយទៅកាន់កូនថា នឹងដាក់ទោស ប៉ុន្តែមិនបានដាក់ទោសកូនម្តងណាសោះ គឺបានតែនិយាយឱ្យកូនខ្លាចតែម្យ៉ាង ។ ការធ្វើបែបនេះ កូននឹងដឹងថា ពាក្យសម្តីរបស់ឪពុកម្តាយ ពួកគេមិនចាំបាច់ស្តាប់ក៏បានដែរ ។
៥-និយាយពាក្យវិជ្ជមានជាមួយកូន ៖
ពាក្យសម្តីវិជ្ជមាន ឬការជជែកជាមួយកូនតាមសម្រួលដោយប្រើពាក្យពេចន៍ល្អៗ វានឹងជួយឱ្យកូនរបស់យើងចេះអត់ធ្មត់ច្រើនជាងមុន ហើយពួកគេនឹងស្តាប់តាមបង្គាប់របស់ឪពុកម្តាយកាន់តែខ្លាំងផងដែរ ៕
ប្រភព ៖ basicskillth










