Home ព័ត៌មានអន្តរជាតិ ស្ងាត់ៗ ហ្វាំងឡង់ត្រៀមចូលជាសមាជិករបស់អង្គការ NATO!

ស្ងាត់ៗ ហ្វាំងឡង់ត្រៀមចូលជាសមាជិករបស់អង្គការ NATO!

84
0

ប្រទេសហ្វាំងឡង់ត្រៀមចូលជាសមាជិករបស់អង្គការ NATO

ប្រទេសហ្វាំងឡង់ ៖ លោក Jens Stoltenberg លេខាធិការរបស់អង្គការ NATO បានបង្ហាញថា ហ្វាំងឡង់ត្រៀមខ្លួនចូលជាសមាជិកលំដាប់ទី៣១ របស់អង្គការ NATO ជាផ្លូវការនៅថ្ងៃទី៤ ខែមេសា ក្រោយពីប្រទេសនេះទទួលបានការអញ្ជើញឱ្យចូលរួមប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសក្នុងក្រុមប្រទេស NATO នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ចាប់ពីថ្ងៃទី៤-៥ ខែមេសា ។

លោក Jens Stoltenberg បានសម្តែងនូវការអបអរសាទរ និងទទួលយកប្រទេសហ្វាំងឡង់ចូលជាសមាជិកថ្មីរបស់អង្គការ NATO ដោយលោកបញ្ជាក់ថា ៖ «យើងនឹងយកទង់ជាតិហ្វាំងឡង់ដាក់លើដងទង់នៅការិយាល័យកណ្តាលរបស់ NATO ជាលើកដំបូង ។ ថ្ងៃទី៤ ខែមេសា គឺជាថ្ងៃល្អមួយសម្រាប់ស្ថេរភាពរបស់ហ្វាំងឡង់ និងសមាជិក NATO ទាំងអស់ ហើយប្រទេសស៊ុយអែតនឹងមានសុវត្ថិភាពជាងមុនដោយសារលទ្ធផលនេះ» ។

ដំណើរការដាក់ពាក្យសុំចូលជាសមាជិក NATO របស់ហ្វាំងឡង់មានវឌ្ឍនភាពយ៉ាងខ្លាំង ក្រោយពីរដ្ឋសភាប្រទេសតួកគីបានបោះឆ្នោតផ្តល់សច្ចាប័នលើសំណើសុំនេះ ។ ហ្វាំងឡង់ជាប្រទេសចុងក្រោយ បន្ទាប់ពីត្រូវគេពន្យារពេលអស់ជាច្រើនខែដើម្បីឱ្យហ្វាំងឡង់ និងស៊ុយអែត បង្ហាញការព្យាយាមដោះស្រាយបញ្ហាទាក់ទងនឹងក្រុមឧទ្ទាមឃឺដ តាមការអំពាវនាវរបស់រដ្ឋាភិបាលតួកគី ។ ដូច្នេះ ហ្វាំងឡង់ជាប្រទេសតែមួយប៉ុណ្ណោះដែលរដ្ឋសភាតួកគីបានអនុម័តឱ្យចូលជាសមាជិក NATO ចំណែកស៊ុយអែតត្រូវរង់ចាំបន្តទៀត ។

ប្រទេសហ្វាំងឡង់ រួមទាំងប្រទេសជិតខាងដូចជា ស៊ុយអែត បានប្រកាន់ជំហរកណ្តាល មិនលម្អៀង និងសុំចូលជាសមាជិកថ្មីក្នុងអង្គការ NATO តាំងពីខែឧសភា ឆ្នាំ២០២២ ខណៈមានសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ជាកត្តាជំរុញសំខាន់ ។ ហ្វាំងឡង់មានព្រំដែនជាប់ជាមួយប្រទេសរុស្ស៊ី ក្នុងចម្ងាយជាង១.៣៤០គីឡូម៉ែត្រ ហើយរុស្ស៊ីបានបញ្ជូនទ័ពទៅវាយប្រហារអ៊ុយក្រែន គឺបានជំរុញឱ្យហ្វាំងឡង់សុំចូលជាសមាជិកថ្មីរបស់ NATO ដោយសមាជិកថ្មីត្រូវតែមានការអនុម័តយល់ព្រមពីសមាជិកចាស់គ្រប់ប្រទេស ។

ចំណែកអនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Alexander Grrushko បានចង្អុលបង្ហាញថា ៖ «ក្នុងស្ថានភាពដែលមានកងទ័ព និងអាវុធរបស់សមាជិក NATO ប្រទេសផ្សេងៗបានដឹកជញ្ជូនអាវុធទាំងនេះទៅកាន់ហ្វាំងឡង់ ហើយយើងត្រូវចាត់វិធានការមួយចំនួនដើម្បីធានាថា នឹងគ្មានការគំរាមណាមួយមកលើកងទ័ពរុស្ស៊ី» ។

បើតាមការស្ទង់មតិទៅលើពលរដ្ឋហ្វាំងឡង់បង្ហាញថា មានពលរដ្ឋជិត៨០% បានគាំទ្រការចូលជាសមាជិកថ្មីរបស់ NATO និងកើនឡើងប្រមាណ៣០% ក្រោយពីរដ្ឋសភាតួកគីសម្រេចអនុម័តការស្នើសុំចូលជាសមាជិក NATO របស់ហ្វាំងឡង់ ៕ ប្រភព ៖ The standard