សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបញ្ជាមិនឱ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេមដាច់ខាត ទាំងអំឡុងពេលបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ និងការប្រកួតគ្រប់វិញ្ញាសារ ហើយប្រជាពលរដ្ឋអាចចូលរួមទស្សនាដោយសេរី។ នេះបើយោងតាមសារពិសេសរបស់សម្តេចតេជោ នៅល្ងាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ មានប្រសាសន៍បន្ថែមថា ការដាក់ចេញនូវតម្លៃសំបុត្រទស្សនា នាពេលកន្លងមកគឺមិនបានសុំការអនុញ្ញាតិពីនាយករដ្ឋមន្រ្តី ឬពីសម្តេចពិជ័យសេនា ទៀ បាញ់ ហើយសម្តេចក៏កំពុងស្វែករកតើមន្រ្តីណាមួយទទួលបន្ទុកលើការដាក់ចេញនូវតម្លៃសំបុត្រ។
សម្តេច បានបន្ថែមថា ប្រទេសកម្ពុជា បានចំណាយថវិកាទៅលើមូលដ្ឋានសម្ភារៈ បច្ចេកទេស ក៏ដូចជាជំនួយពីមិត្តចិនសម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួតនិងចំណាយនូវធនធានជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត អស់រាប់រយលានដុល្លារ និងចំណាយពេលជាច្រើនឆ្នាំទម្រាំកើតចេញជារូបរាងនៃការប្រកួត។ ហើយការដាក់លក់សំបុត្រឱ្យប្រជាជនកម្ពុជាមកទស្សនា សម្តេចតេជោ បញ្ជាមិនឱ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតស៊ីហ្គេមដាច់ខាត បើសិនជាមានការដាក់លក់សំបុត្រចូលរួមទស្សនានឹងត្រូវទទួលខុសត្រូវតាមច្បាប់នៅមុខនាយករដ្ឋមន្រ្តី។
សូមបញ្ជាក់ថា កន្លងមកមានការផ្សព្វផ្សាយតម្លៃសំបុត្រចូលរួមទស្សនាបើកព្រឹត្តិការណ៍ស៊ីហ្គេម មានចំនួនពីរប្រភេទ តម្លៃ១០ម៉ឺនរៀល និង២០ម៉ឺនរៀល៕










