តាមលទ្ធផលជំរឿនសត្វត្មាត បានបង្ហាញថាកម្ពុជាមានសត្វត្មាត ៣ប្រភេទ សរុបទាំងអស់មានចំនួន១៣៤ ក្បាល ដែលលទ្ធផលនេះបានបង្ហាញថាក្នុងឆ្នាំ២០២២ សត្វត្មាតមានការកើនឡើងចំនួន ១៣ ក្បាលបើប្រៀបធៀបនឹងឆ្នាំ ២០២១ មានចំនួន ១២១ ក្បាល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
តាមរបាយការណ៍បានបញ្ជាក់ថា កម្ពុជាមានសត្វត្មាត ៣ ប្រភេទរួមមាន ត្មាតផេះ ៧១ ក្បាល ,ត្មាតត្នោត ៤៤ ក្បាល និងត្មាតភ្លើងចំនួន ១៩ក្បាល ធៀបនឹងឆ្នាំ២០២១ ត្មាតភ្លើងមាន ២០ ក្បាល ត្មាតផេះ ៦៦ ក្បាល និងត្មាតត្នោត ៣៥ ក្បាល ។
ឯកឧត្តម នេត ភត្រា បានបន្តថា ចំនួនសត្វត្មាតក្នុងព្រៃធម្មជាតិកម្ពុជាមានការកើនឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ប៉ុន្តែចាំបាច់ទាមទារនូវការបង្កើនការយកចិត្តទុកដាក់ពីគ្រប់ភាគីក្នុងការការពារនិងអភិរក្សសត្វកម្រនេះបន្ថែមទៀត៕












