ប្រទេសថៃ ៖ កាលពីថ្ងៃទី២៩ ខែមីនា កន្លងមក នៅក្នុងបរិវេណអាកាសយានដ្ឋានកងទ័ពអាកាសលេខ៤១ ឃុំសុថេប ស្រុកមឿងឈៀងម៉ៃ ខេត្តឈៀងម៉ៃ គេបានបញ្ជូនឧទ្ធម្ភាគចក្រប្រភេទ KA-32 របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ ដើម្បីធ្វើការពន្លត់ភ្លើងឆេះព្រៃជាច្រើនកន្លែងក្នុងបរិវេណលើភ្នំខ្ពស់ស្ថិតក្នុងស្រុកម៉ែទែង ខេត្តឈៀងម៉ៃ ។
បច្ចុប្បន្ន នៅខេត្តឈៀងម៉ៃកំពុងប្រឈមនឹងបរិយាកាសកខ្វក់ខ្លាំង រួមផ្សំនឹងកើតមានភ្លើងឆេះព្រៃនៅតាមតំបន់ភ្នំទៀតនោះ ធ្វើឱ្យពលរដ្ឋរស់នៅក្នុងខេត្តនេះពិបាកយ៉ាងខ្លាំង ជាពិសេស ប៉ះពាល់ដល់សុខភាពដោយសារបរិយាកាសកខ្វក់ និងផ្សែងភ្លើងផងដែរ ។
នាយករងមជ្ឈមណ្ឌលបង្ការ និងដោះស្រាយបញ្ហាភ្លើងឆេះព្រៃ និងធូលីកខ្វក់ក្នុងបរិយាកាសថ្លែងថា ឈៀងម៉ៃបានត្រៀមកម្លាំងប្រតិបត្តិការលើអាកាសដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ ។ លើសពីនេះ ភ្នាក់ងារពន្លត់អគ្គិភ័យបានប្រមូលកម្លាំងមកធ្វើការពន្លត់ទាំងរយៈពេលខ្លី និងវែងផងដែរ ដើម្បីទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃនៅឆ្នាំ២០២៣នេះ ។ នាយករងរូបនេះបន្តថា បញ្ហាមួយទៀត គឺដោយសារតែពោតលក់ចេញបានថ្លៃ ទើបធ្វើឱ្យកសិករនាំគ្នាដាំពោតកាន់តែច្រើន ហើយពួកគេបានដុតចម្ការពោតទាំងនោះដោយមិនបានសុំអនុញ្ញាតពីអាជ្ញាធរ ។
ការដោះស្រាយបញ្ហាផ្សែងភ្លើង និងធូលីកខ្វក់ដែលកើតឡើងនៅខេត្តភាគខាងជើងប្រទេសថៃ ជាពិសេស ខេត្តឈៀងម៉ៃ ភ្នាក់ងារពន្លត់ភ្លើងបានត្រៀមឧបករណ៍នានាជាស្រេច ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងទាំងខាងផ្លូវគោក និងផ្លូវអាកាសដូចជា ៖
-យន្តហោះប្រភេទ DA-42 របស់កងទ័ពអាកាស ដែលបំពាក់ដោយកាមេរ៉ាសម្រាប់ពិនិត្យចាប់កំដៅ
-យន្តហោះប្រភេទ BT-67 របស់កងទ័ពអាកាស ជាយន្តហោះសម្រាប់បាចទឹក
-បាចសារធាតុគីមីសម្រាប់ពន្លត់ភ្លើង
-ឧទ្ធម្ភាគចក្រប្រភេទ Bell 407 របស់នាយកដ្ឋានទឹកភ្លៀង និងកសិកម្ម
-ឧទ្ធម្ភាគចក្រប្រភេទ MI-17 របស់កងទ័ពជើងគោក និង
-ឧទ្ធម្ភាគចក្រប្រភេទ KA-32 របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ ៕ ប្រភព ៖ The standardth










