ប្រទេសថៃ ៖ នៅថ្ងៃទី២៩ ខែមីនា ភ្ញៀវទេសចរដែលទៅកម្សាន្តនៅឆ្នេរសមុទ្រ Yong Ling ស្ថិតក្នុងតំបន់ឧទ្យានជាតិ Hat Chao Mai ស្រុកកាន់តាំង ខេត្តត្រាង ប្រទេសថៃ នឹងប្លែកភ្នែក ហើយភ្ញាក់ផ្អើលជាមួយហ្វូងក្តាមរាប់លានក្បាលដែលបានឡើងមករកចំណីនៅលើឆ្នេរសមុទ្រ ។ គេឃើញថា ហ្វូងក្តាមទាំងនេះបានប្រមូលផ្តុំគ្នានៅលើឆ្នេរក្នុងប្រវែងរាប់រយម៉ែត្រ និងមានពណ៌ទឹកក្រូច ។

ទឹកសមុទ្របានស្រកចុះខ្លាំងនៅពេលព្រឹក និងពេលល្ងាច ហេតុនេះ ទើបហ្វូងក្តាមកាន់តែមានចំនួនច្រើនឡើង ព្រោះនៅតំបន់នេះគ្មានសត្វស្លាបមករំខាន ព្រមទាំងមានចំណីអាហារសម្បូរបែបនៅតាមឆ្នេរសមុទ្រសម្រាប់សត្វក្តាមផងដែរ ។ ការសម្រុកមកកាន់ឆ្នេររបស់ហ្វូងក្តាមបានក្លាយជារូបភាពមួយគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរទាំងអស់ដែលមកកម្សាន្តនៅឆ្នេរនេះ ។

គេសង្កេតឃើញថា ហ្វូងក្តាមមិនសូវខ្លាចភ្ញៀវទេសចរប៉ុន្មានទេ ព្រោះពួកគេអាចចាប់វាលេងបាន ហើយហ្វូងក្តាមទាំងនេះបានដើរស៊ីចំណីនៅតាមឆ្នេរជាជួរៗ ។ ភ្ញៀវទេសចរអាចឃើញហ្វូងក្តាមពេញមួយឆ្នាំតែម្តង ជាពិសេស នៅពេលទឹកសមុទ្រស្រកចុះ គឺហ្វូងក្តាមនឹងឡើងមកលើឆ្នេរកាន់តែច្រើន ។ ពលរដ្ឋនៅតំបន់នេះនិយាយថា វាជាទិដ្ឋភាពស្រស់ស្អាតដ៏អស្ចារ្យមួយបែបធម្មជាតិរបស់ខេត្តត្រាង ។

លោក Kanphasit Damrongsitthinon មគ្គុទេសក៍ទេសចរណ៍របស់សមាគមធុរកិច្ចទេសចរណ៍ខេត្តត្រាង លើកឡើងថា យើងនឹងបានឃើញហ្វូងទាហានក្តាមនៅពេលទឹកសមុទ្រស្រកចុះខ្លាំង ពេលនោះ ហ្វូងក្តាមនឹងឡើងមកលើឆ្នេរដើម្បីរកស៊ីខ្មោចត្រី ប៉ុន្តែបើទឹកសមុទ្រឡើងចុះធម្មតា យើងមិនសូវឃើញវាប៉ុន្មានទេ ។

លោក Kanphasit បន្តថា បើទឹកសមុទ្រស្រកចុះ យើងនឹងបានឃើញហ្វូងក្តាមជាច្រើនឡើងមកលើឆ្នេរ ហើយវាបានបង្ហាញនូវភាពទាក់ភ្នែកចម្លែកអារម្មណ៍ បើអ្នកណាបានមកលេងឆ្នេរសមុទ្រ Yong Ling ។ លើសពីនេះ ភ្ញៀវទេសចរអាចនាំកូនៗពួកគេមកលេងនៅទីនេះបាន ព្រោះគ្មានសត្វស្លាបរំខានក្តាមទេ ពីព្រោះមានមនុស្សច្រើន ៕ ប្រភព ៖ khaosod