ប្រទេសកូរ៉េខាងជើង ៖ សារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃទី២៤ ខែមីនាថា ប្រទេសកូរ៉េខាងជើងបានសាកល្បងដ្រូនបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរថ្មីមួយទៀត ដែលវាអាចវាយប្រហារក្រោមទឹកបាន ។ ការសាកល្បងដ្រូននេះក្រោមការណែនាំរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គឹម ជុងអ៊ុន ខណៈនាវាវាយប្រហារតាមផ្លូវទឹករបស់អាមេរិកបានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង ។
សារព័ត៌មាន KCNA បានរាយការណ៍ទៀតថា កូរ៉េខាងជើងបានបាញ់មីស៊ីលក្នុងអំឡុងពេលសាកល្បងអាវុធ និងហ្វឹកហាត់បាញ់អាវុធ ដែលធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ។ ក្នុងការហ្វឹកហាត់លើកនេះ ដ្រូនរបស់កូរ៉េខាងជើងអាចនៅក្នុងទឹកបានរយៈពេលជាង៥៩ម៉ោង ហើយវាបានផ្ទុះនៅក្នុងដែនទឹកនៅឆ្នេរសមុទ្រភាគខាងកើតកាលពីថ្ងៃទី២៣ ខែមីនា កន្លងមក ប៉ុន្តែ សារព័ត៌មាន KCNA មិនបានផ្តល់ព័ត៌មានលម្អិតអំពីសមត្ថភាពផ្នែកនុយក្លេអ៊ែររបស់ដ្រូននេះទេ ។
សារព័ត៌មាន KCNA បញ្ជាក់ថា ការបង្កើតដ្រូនវាយប្រហារក្រោមទឹក គឺកូរ៉េខាងជើងមានគោលបំណងដើម្បីទប់ទល់នឹងការវាយប្រហារតាមដែនទឹករបស់សត្រូវ ហើយវាអាចកំទេចកងនាវា និងកំពង់ផែផ្សេងៗបាន ។ ដ្រូននេះនឹងប្រើប្រាស់ជាជំនួយក្នុងការប្រតិបត្តិការជាចម្បង ហើយវាអាចប្រចាំការនៅឆ្នេរសមុទ្រ និងកំពង់ផែណាមួយ ឬអូសដោយកប៉ាល់នៅលើផ្ទៃទឹកដើម្បីបើកការប្រយុទ្ធគ្នាក៏បាន ។
កូរ៉េខាងជើងបានបញ្ជាក់ដែរថា ខ្លួនបានបាញ់មីស៊ីលចំនួន៤គ្រាប់កាលពីថ្ងៃទី២២ ខែមីនា ដើម្បីអនុវត្តបេសកកម្មវាយប្រហារនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ។ មីស៊ីលនេះភ្ជាប់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ហើយអាចហោះបានក្នុងចម្ងាយពី១.៥០០គីឡូម៉ែត្រ ទៅ១.៨០០គីឡូម៉ែត្រ ។ កូរ៉េខាងជើងលើកឡើងថា ការសាកល្បងអាវុធ និងការហ្វឹកហាត់ជាលើកចុងក្រោយនេះមិនបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសជិតខាងទេ ។ ចំណែកប្រទេសកូរ៉េខាងត្បូងវិញបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន៤គ្រាប់ពីឆ្នេរសមុទ្រភាគខាងកើត កាលពីថ្ងៃទី២២ ខែមីនា កន្លងមក ៕
ប្រភព ៖ TNN World










