បើនិយាយអំពី Colgate ការចងចាំរបស់មនុស្សភាគច្រើនគិតថា ជាផលិតផលសម្អាតមាត់ធ្មេញដូចជា ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ និងទឹកខ្ពុរមាត់ ។ ប៉ុន្តែតើដឹងឬទេថា នៅពេលមួយនោះ Colgate ក៏ធ្លាប់ប្រកបអាជីវកម្មលក់ម្ហូបអាហារដែរ ប៉ុន្តែបរាជ័យ ហើយក្រុមហ៊ុនក៏ឈប់លក់ម្ហូបតែម្តង ។ ហេតុផលគួរឱ្យចាប់អារម្មណ៍មួយ គឺគ្មានអ្នកទិញម្ហូបអាហារដែល Colgate លក់នោះ ព្រោះអតិថិជនគិតថា រសជាតិរបស់វាដូចគ្នានឹងថ្នាំដុសធ្មេញ Colgate ដែរ ។

អាជីវកម្មដំបូងរបស់ Colgate គឺមិនមែនជាផលិតផលសម្អាតមាត់ធ្មេញទេ ប៉ុន្តែក្រុមហ៊ុននេះបានផលិតសាប៊ូដុំ និងទៀន ដែលក្រុមហ៊ុនចាប់ផ្តើមប្រកបអាជីវកម្មនេះនៅឆ្នាំ១៨០៦ ឬជាង២១៧ឆ្នាំមុន ។ ដូច្នេះ ទម្រាំក្រុមហ៊ុន Colgate ចាប់ផ្តើមលក់ផលិតផលដែលយើងគ្រប់គ្នាស្គាល់យ៉ាងច្បាស់ គឺថ្នាំដុសធ្មេញ គឺក្រុមហ៊ុនត្រូវចំណាយពេល៦៧ឆ្នាំ ក្រោយពីបានបង្កើតក្រុមហ៊ុននេះឡើង ។Can Colgate bring its success in the toothpaste sector over to frozen foods?  | by Ling U | Medium

ហេតុអ្វីបានជា Colgate ប្រកបរបរលក់ម្ហូបអាហារ ?
កាលពីឆ្នាំ១៩៨០ លំនៅឋានស្ទើរតែទាំងអស់នៅសហរដ្ឋអាមេរិកបានប្រើប្រាស់សម្ភារៈអគ្គិសនីដូចជា ទូរទឹកកក និង microwave រួមផ្សំនឹងជីវិតរស់នៅប្រចាំថ្ងៃប្រញាប់ប្រញាល់របស់មនុស្សក្នុងសម័យនោះ បានធ្វើឱ្យទីផ្សារម្ហូបអាហារក្លាស្សេនៅអាមេរិករីកចម្រើនយ៉ាងខ្លាំង រហូតដល់ក្រុមហ៊ុនជាច្រើនងាកមកប្រកបរបរលក់ម្ហូបអាហារក្លាស្សេ ហើយ Colgate ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងនោះដែរ ។ នៅពេលនោះ ការលក់ផលិតផលផ្សេងៗរបស់ក្រុមហ៊ុន Colgate មិនសូវកាក់កបប៉ុន្មានទេ ហើយថែមទាំងបាត់បង់ចំណែកទីផ្សារទៅឱ្យគូប្រជែងទៀតផង ដូចជា ក្រុមហ៊ុន P&G ។

ទោះយ៉ាងណា Colgate គឺជាក្រុមហ៊ុនថ្មីដែលបានប្រឡូកក្នុងការលក់ម្ហូបអាហារ ហើយបើត្រូវការបង្កើតម៉ាកសញ្ញាអាហារថ្មី ក៏ត្រូវចំណាយដើមទុន និងពេលវេលាដើម្បីឱ្យអតិថិជនចងចាំបាន ។ ដូច្នេះ ក្រុមហ៊ុនក៏បានយកឈ្មោះដើមរបស់ផលិតផលខ្លួនគឺ «Colgate» មកដាក់ជាឡូហ្គូលើម្ហូបក្លាស្សេមួយប្រភេទឈ្មោះ «ឡាសាណា» រួចយកមកដាក់លក់នៅលើទីផ្សារ ព្រោះគិតថា ឈ្មោះម៉ាកសញ្ញា «Colgate» នេះ គឺមានអតិថិជនជាច្រើននាក់បានស្គាល់ និងមានភាពរឹងមាំស្រាប់ទៅហើយ ។ ប៉ុន្តែលទ្ធផល មិនដូចការគិតរបស់ក្រុមហ៊ុនទេ ហើយវាផ្ទុយនឹងការគិតរបស់ក្រុមហ៊ុនជាខ្លាំង ព្រោះម៉ាកសញ្ញា «Colgate» នៅក្នុងក្រសែភ្នែករបស់អតិថិជននោះ គឺជាថ្នាំដុសធ្មេញ និងផលិតផលសម្អាតមាត់ធ្មេញ ។Colgate ready meals and Zippo perfume: The world's weirdest off-brand  products

នៅពេលឃើញក្រុមហ៊ុន Colgate ប្រកបរបរលក់ម្ហូបអាហារបែបនេះធ្វើឱ្យអតិថិជនជាច្រើននាក់មិនជឿថា ម្ហូបក្លាស្សេឈ្មោះ «ឡាសាណា» របស់ Colgate មានរសជាតិឆ្ងាញ់ទេ ខណៈមនុស្សខ្លះគិតថា ឡាសាណានេះនឹងមានរសជាតិដូចថ្នាំដុសធ្មេញរបស់ Colgate ដែរ ។ បន្ទាប់ពីបើកអាជីវកម្មលក់អាហារក្លាស្សេមិនយូរប៉ុន្មាន ក្រុមហ៊ុន Colgate ក៏ព្រមចុះចាញ់ក្នុងអាជីវកម្មនេះ ព្រោះការលក់ឡាសាណាក្លាស្សេ មិនសម្រេចបានតាមគោលដៅកំណត់ ។

តាមអត្ថបទនេះបង្ហាញថា បើទោះជាក្រុមហ៊ុនមានឈ្មោះល្បីល្បាញខ្លាំងប៉ុនណាក៏ដោយ ប៉ុន្តែបើក្រុមហ៊ុនចង់លក់ផលិតផលផ្សេងទៀតដោយមិនបានគិតពីរូបរាង ឬការចងចាំម៉ាកសញ្ញាផលិតផលរបស់ក្រុមហ៊ុនក្នុងក្រសែភ្នែកអតិថិជនទេ នឹងធ្វើឱ្យផលិតផលថ្មី ឬម៉ាកសញ្ញាក្រុមហ៊ុនបរាជ័យ ជាជាងទទួលបានជោគជ័យដូចករណីក្រុមហ៊ុន Colgate ដែរ ៕ ប្រភព ៖ BrandCase