ប្រទេសម៉ាឡេស៊ី ៖ សារព័ត៌មានស៊ីនហួរបានដកស្រង់របាយការណ៍ពីទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលបញ្ជាក់អំពីសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍សុខភាពរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៨ ខែមីនាថា ម៉ាឡេស៊ីបានបង្កើតគម្រោងទេសចរណ៍សុខភាពដើម្បីជំរុញវិស័យទេសចរណ៍ ហើយបណ្តាមន្ទីរពេទ្យធំៗក្នុងប្រទេសនេះកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្តល់សេវាកម្មថ្មីដល់អ្នកជំងឺ ។
ការបង្កើតគម្រោងទេសចរណ៍សុខភាពនេះ គឺក្នុងគោលបំណងពង្រឹងឋានៈម៉ាឡេស៊ីឱ្យក្លាយជាប្រទេសគោលដៅមួយសម្រាប់ភ្ញៀវទេសចរនៅលើពិភពលោក ខណៈពួកគេមកកម្សាន្តនៅម៉ាឡេស៊ីមានសុវត្ថិភាព និងទំនុកចិត្តផ្នែកសេវាកម្មសុខភាព ក៏ដូចជាជួយជំរុញឱ្យមន្ទីរពេទ្យនានារបស់ម៉ាឡេស៊ីមានការទទួលស្គាល់នៅទូទាំងពិភពលោកផងដែរ ។
គម្រោងទេសចរណ៍សុខភាពមានការចូលរួមពីមន្ទីរពេទ្យធំៗចំនួន៤ រួមមាន ៖ វិទ្យាស្ថានជាតិបេះដូង, មន្ទីរពេទ្យ island, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Mahkota និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya ។ គម្រោងថ្មីនេះ នឹងឆ្លុះបញ្ចាំងអំពីការឈានឡើងសំខាន់មួយសម្រាប់ផ្នែកការថែទាំសុខភាពនៅម៉ាឡេស៊ី ដើម្បីសម្រេចបានគោលដៅក្លាយជាប្រទេសទេសចរណ៍ផង និងផ្តល់សេវាកម្មថែទាំសុខភាពផងនៅត្រឹមឆ្នាំ២០២៥ ។
លើសពីនេះ គម្រោងនេះនឹងជួយជំរុញការងើបឡើងវិញ និងការលូតលាស់របស់ឧស្សាហកម្មទេសចរណ៍សុខភាព ក៏ដូចជាបង្កើនចំនួនភ្ញៀវទេសចរបរទេសឱ្យលើសឆ្នាំ២០២២ ។ ដូច្នេះ គម្រោងនេះអាចបង្កើតប្រាក់ចំណូលផ្នែកទេសចរណ៍ជាង១.៣០០លានរីងហ្គីត ស្មើនឹង៧៦% ខណៈនៅឆ្នាំ២០១៩ ជាអំឡុងពេលមុនមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ម៉ាឡេស៊ីបានប្រាក់ចំណូលពីទេសចរណ៍ស្មើ១.៧០០លានរីងហ្គីតឯណោះ ៕
ប្រភព ៖ beartaiBRIEF










