ប្រទេសថៃ ៖ លោក Thitinai Patikabut នាយកពន្ធនាគារក្នុងស្រុកថាម៉ៃ បាននាំអ្នកទោសចំនួន៣០នាក់មកជួយធ្វើការឱ្យក្រុមហ៊ុននាំចេញផ្លែឈើមួយកន្លែងស្ថិតនៅស្រុកមឿង ខេត្តចន្ទបុរី ប្រទេសថៃ ។ អ្នកទោសទាំងនេះត្រូវជួយរៀបចំផ្លែមង្ឈុតសម្រាប់លក់ចេញ ក្រោយពីក្រុមហ៊ុននេះខ្វះខាតកម្មករធ្វើការផ្នែកកសិកម្ម ជាពិសេស កម្មកររៀបចំផ្លែឈើសម្រាប់នាំចេញ ។
នាយកគ្រប់គ្រងក្រុមហ៊ុន Orasa Fruit Co., Ltd. លោក Monthon Pariwat បាននាំមន្ត្រីពន្ធនាគារដើរពិនិត្យមើលការរៀបចំផ្លែមង្ឃុតសម្រាប់នាំចេញ ។ លោកលើកឡើងថា បច្ចុប្បន្ន ផ្លែមង្ឃុតរបស់ប្រទេសថៃបានផ្តល់ទិន្នផលដើមរដូវ ហើយក្រុមហ៊ុនត្រូវការនាំចេញផ្លែមង្ឃុតជាច្រើនទៅកាន់ទីក្រុងក្វាងចូវ និងផ្សារ Giang Nan ដែលជាផ្សារធំបំផុតនៅប្រទេសចិន ។
លោក Monthon Pariwat បន្តថា មន្ត្រីពន្ធនាគារបានបញ្ជូនអ្នកទោសមកជួយជាកម្លាំងធ្វើការក្នុងក្រុមហ៊ុនរបស់លោក គឺនឹងអាចជួយដោះស្រាយបញ្ហាខ្វះខាតកម្លាំងកម្មករក្នុងក្រុមហ៊ុន ។ លើសពីនេះ អ្នកទោសនឹងជួយបញ្ជូនទិន្នផលកសិកម្មទៅកាន់ទីផ្សារ ជាពិសេស ក្នុងអំឡុងពេលទិន្នផលកសិកម្មត្រូវលក់ទៅកាន់ទីផ្សារក្នុងពេលតែមួយ ។
ចំណែកលោក Thitinai Patikabut នាយកពន្ធនាគារបានថ្លែងថា ពន្ធនាគារ និងក្រុមហ៊ុននាំចេញផ្លែឈើខេត្តចន្ទបុរី បានចុះកិច្ចព្រមព្រៀងសហការគ្នា ដោយខាងពន្ធនាគារបានផ្តល់កម្លាំងអ្នកទោសចំនួន៣០នាក់មកជួយរៀបចំផ្លែឈើក្នុងក្រុមហ៊ុន ខណៈពួកគេរង់ចាំការលើកលែងទោស ។ លោកបន្តថា បើក្រុមហ៊ុនត្រូវការកម្លាំងអ្នកទោសមកជួយការងារបន្ថែមទៀតនៅថ្ងៃក្រោយ ខាងពន្ធនាគាររីករាយនឹងបញ្ជូនអ្នកទោសមកជួយការងារនៅទីនេះ ។
នាយកពន្ធនាគារបន្តថា ពន្ធនាគារនឹងបញ្ជូនឆ្មាំគុកមកយាមអ្នកទោសនៅក្រុមហ៊ុនជារៀងរាល់ថ្ងៃផងដែរ ។ ការផ្តល់កម្លាំងអ្នកទោសមកជួយរៀបចំផ្លែឈើនេះ ដោយសារតែមើលឃើញថា ក្រុមហ៊ុនខ្វះខាតកម្លាំងពលកម្មជាខ្លាំង ជាពិសេស ខ្វះកម្មករមកពីប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ។
ជាមួយគ្នានេះ អ្នកទោសទាំង៣០នាក់កំពុងរង់ចាំការលើកលែងទោស ពួកគេអាចទទួលបានប្រាក់ចំណូល និងមានជំនាញរៀបចំផ្លែឈើ ។ ដូច្នេះ ពួកគេអាចទៅបង្កើតមុខរបរនៅថ្ងៃក្រោយបានបន្ទាប់ពីចេញពីគុក ៕
ប្រភព ៖ khaosod










