តារាស្រី Bella Ranee ជាតួឯកល្បីឈ្មោះមួយរូបប្រចាំទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ដែលបានឈរជើងក្នុងទ្រនំដ៏ធំនេះក្នុងចំណោមតារាល្បីជាច្រើនរូបដោយមិនរង្គោះរង្គើតំណែងឡើយ។ មិនត្រឹមតែក្តោបតំណែងជាតួនាំមុខតែប៉ុណ្ណោះទេ តែរូបនាងគឺជាទូតសុឆន្ទៈឱ្យផលិតផលម៉ាកល្បីៗជាច្រើន រហូតកើបលុយរាប់ម៉ឺនដុល្លារត្រឹមការបង្ហោះរូបភាពនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Thairath បានឱ្យដឹងថា Bella ជាទូតសុឆន្ទៈឱ្យ ម៉ាកយីហោចំនួន ៣៣ ម៉ាកដែលមានផលិតផលជាច្រើនប្រភេទរួមមាន៖ វ៉ែនតា , គ្រឿងសំអាង, ស្បែកជើង, សាប៊ូកក់សក់ និងផលិតផលជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះកាលពីចុងខែកុម្ភៈ នាងបានចូលរួមកម្មវិធីលំដាប់អន្តរជាតិ Milan Fashion Week Women’s Collection Fall/Winter 2023 – 2024 ផងដែរ។
ដោយសារតែភាពល្បីល្បាញ មានមុខមិនដាច់ពីកម្មវិធី និងក្នុងរឿងនេះហើយទើបធ្វើឱ្យតួឯកស្រីក្នុងរឿង «បុព្វេសន្និវាស» រូបនេះក្លាយជាតារាស្រីមានឥទ្ធិពលកំពូលទទួលបានចំណូលខ្ពស់មិនធម្មតាត្រឹមការបង្ហោះប្រម៉ូតផលិតផល៧ដងនៅលើបណ្តាញសង្គម Bella ទទួលបានចំណូល ២៣ លានបាត ប្រមាណ ៦៦៤,000 ដុល្លារឯណោះ៕