ប្រទេសជប៉ុន ៖ អ្នកដែលធ្លាប់បានធ្វើដំណើរជាមួយកូនតូចតាមរថយន្តក្រុងសាធារណៈ នឹងយល់ច្បាស់ពីភាពរញ៉េរញ៉ៃនៅពេលក្មេងយំព្រោះឃ្លានទឹកដោះគោ ឬពេលផ្លាស់ប្តូរក្រណាត់កន្ទបជាដើម ជាពិសេស ការធ្វើដំណើរតាមរថភ្លើង បើទោះជាវាទាន់ពេលវេលា និងមានតម្លៃសមរម្យក្តី ប៉ុន្តែការស្វែងរកបន្ទប់ទឹកសម្រាប់ប្រើប្រាស់ជារឿងពិបាក ។ ហេតុនេះ ធ្វើឱ្យអ្នកផ្តល់សេវាកម្មរថភ្លើងនៅទីក្រុងតូក្យូបង្កើតគំនិតមួយឡើង ដោយធ្វើបន្ទប់ពិសេសសម្រាប់ថែទាំទារក ដើម្បីដោះស្រាយបញ្ហាការរញ៉េរញ៉ៃ និងគ្មានភាពផ្ទាល់ខ្លួន ។
បន្ទប់សម្រាប់ថែទាំទារកនេះមានឈ្មោះថា Mamaro ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Trim ដែលមានជំនាញផ្នែកការថែទាំកុមារ ដើម្បីជួយឱ្យអ្នកមានកូនតូចៗមានបន្ទប់ផ្ទាល់ខ្លួនលើរថភ្លើង ខណៈការធ្វើដំណើរតាមរថភ្លើងនៅប្រទេសជប៉ុនមានសភាពអ៊ូអរ ។ នៅបន្ទប់នេះមានដាក់កៅអីអង្គុយ និងតុសម្រាប់ផ្លាស់ប្តូរក្រណាត់កន្ទបទារក ដើម្បីឱ្យឪពុកម្តាយអាចឱ្យទឹកដោះគោទៅកូនរបស់ពួកគេ និងបំបៅទឹកដោះកូន ។
ក្រៅពីបន្ទប់ពិសេស Mamaro នឹងជួយផ្តល់ភាពងាយស្រួលដល់ឪពុកម្តាយគ្រប់រូបហើយ បន្ទប់នេះក៏បានបំពាក់ទូរទស្សន៍ផងដែរដើម្បីទាក់ទាញចំណាប់អារម្មណ៍ក្មេងៗ (ជាកូនបង) ដែលត្រូវអង្គុយរង់ចាំ ខណៈឪពុកម្តាយពួកគេកំពុងថែទាំ និងបំបៅដោះប្អូន ។
បន្ទប់ពិសេស Mamaro បានចាប់ផ្តើមបង្កើតឡើងនៅលើរថភ្លើងឈ្មោះ Odakyu-line ចំនួន៧ស្ថានីយនៅក្នុងទីក្រុងតូក្យូ ។ លើសពីនេះ អ្នកមានកូនតូចអាចជិះរថភ្លើងនេះដោយមិនគិតប្រាក់ផងដែរ ក្នុងចន្លោះពីម៉ោង៧និង៣០នាទីព្រឹក រហូតដល់ម៉ោង៧យប់ ៕
ប្រភព ៖ beartaiBRIEF










