ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា កន្លងមកបងប្អូនប្រជាពលរដ្ឋមួយចំនួនបានសាកសួរអំពីឈ្មោះក្រុមហ៊ុន គេហទំព័រ ទំព័រហ្វេសប៊ុក ឬកម្មវិធី (App) ដែលផ្តល់ប្រាក់កម្ចីអនឡាញងាយស្រួល និងឆាប់រហ័ស។

ទន្ទឹមនេះដែរ នាយកដ្ឋានព័ត៌មានវិទ្យាធ្លាប់បានធ្វើការផ្សព្វផ្សាយនូវអត្តបទអប់រំស្តីពី “ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)” ដែលអត្ថបទនោះបានអធិប្បាយអំពីល្បិចកល ដែលជនខិលខូចបានប្រើប្រាស់ក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំងបរិយាយអំពីហានិភ័យពាក់ព័ន្ធមួយចំនួនផងដែរ។

ដោយទទួលបានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីមហាជន ក្រុមការងារបច្ចេកទេស សូមលើកយកនូវល្បិចកល និងបច្ចេកទេសថ្មី ដែលជនខិលខូចបានប្រើប្រាស់ក្នុងការបោកបញ្ឆោតប្រាក់ពីជនរងគ្រោះ ដោយសង្ខេបជូនដូចខាងក្រោម៖

១- ជនខិលខូចបានបង្កើត គេហទំព័រ ទំព័រហ្វេសប៊ុក ឬកម្មវិធី (App) ជាមួយនឹងឈ្មោះក្រុមហ៊ុនកម្ចីប្រាក់អនឡាញ

២- ជនខិលខូចធ្វើការផ្សព្វផ្សាយ (Advertising) គេហទំព័រ ទំព័រហ្វេសប៊ុក ឬកម្មវិធី (App) លើកម្មវិធីបណ្តាញសង្គម រួមមាន ហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) សារអេឡិចត្រូនិក (Messenger) ដើម្បីធ្វើការអូសទាញជនរងគ្រោះទាក់ទងទទួលកម្ចី

៣- ពេលជនរងគ្រោះស្នើសុំកម្ចីពីជនខិលខូច ទាមទារគោរពលក្ខខណ្ឌមួយចំនួន ដូចជា៖ ត្រូវបង់កម្រៃសេវារដ្ឋបាល ថតរូបអត្តសញ្ញាណប័ណ្ណ រូបថតជនរងគ្រោះ (ពេលខ្លះទាមទាររូបភាពអាក្រាតកាយ) ។ល។

៤- បន្ទាប់ពីបំពេញនូវលក្ខខណ្ឌ កម្ចីខ្លះត្រូវបានផ្តល់ជូនដល់ជនរងគ្រោះ ជាមួយនិងការប្រាក់ដែលមានទំហំធំ បើប្រៀបធៀបនឹងចំនួនប្រាក់កម្ចី។ មានករណីមួយចំនួនផ្សេងទៀត ជនខិលខូចពុំបានផ្តល់កម្ចីដូចការសន្យា និងថែមទាំងឆបោកជនរងគ្រោះឱ្យសងប្រាក់ ដោយគម្រាមបង្ហោះរូបភាពអត្តសញ្ញាណប័ណ្ណ រូបថត ឬរូបអាក្រាតកាយរបស់ជនរងគ្រោះថែមទៀតផង។

នាពេលថ្មីៗនេះ ដោយសង្កេតឃើញមានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គម តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។

ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញប្រកាសរួមគ្នាដើម្បីចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។

ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា សូមប្រជាពលរដ្ឋដែលមានព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់ សូមរាយការណ៍មកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទចំនួន ៥ ខ្សែ៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០។

បន្ថែមពីនេះ ប្រជាពលរដ្ឋក៏អាចប្រឹក្សា/សាកសួរអំពីចម្ងល់និងបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុមកធនាគារជាតិនៃកម្ពុជា តាមរយៈលេខទូរស័ព្ទខាងលើផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhziajdWg7ALh75E4nx_U5aaXJQDjvBcvSrVg5btU6yPwR_zUMwsBOZSvXerPFXJ9ddqnHGb50gg4w5SpdQiu3uyZDCBl5aA44Htccwe6pKkjUu02nIfiHLHuZd1ioOkn3nB0jvjZUetcNV3HsvGc1m8b7XK1ArPOe3c1B76EySESWJXXb3v6DpVlcQ/s990/photo_2023-03-18_07-14-36.jpg