ភ្នំពេញ៖ យើងគ្រប់គ្នាបានដឹងហើយថា ដើមត្នោតមានស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ហើយដើមត្នោតជារុក្ខជាតិមួយ ដែលតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ និងមានអត្ថប្រយោជន៍ច្រើនណាស់ ហើយមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា ដើមត្នោតមានដើមធំ ត្រង់ ខ្ពស់ ដែលមានកម្ពស់អាចលើសពី ១០ ម៉ែត្រ ហើយស្លឹករបស់វាស្ថិតនៅកំពូលដើម មានរាងដូចជាផ្លិតធំៗ រឹងនិងមានផ្លែជាច្រើនក្នុងធ្លាយរបស់វា។
រុក្ខជាតិប្រភេទនេះបានផ្ដល់សារៈប្រយោជន៍ជាច្រើន សំរាប់ឲ្យមនុស្ស យកទៅកែច្នៃសំរាប់ធ្វើជាសំភារៈ ប្រើប្រាស់ផ្សេងៗ និង ថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។ ខេត្តដែលសំបូរដើមត្នោតជាងគេគឺខេត្តកំពង់ស្ពឺហើយមនុស្សបាន ទទួលយក សារៈប្រយោជន៍ជាច្រើនពីដើមត្នោតដូចជា ៖ ផ្លែត្នោតខ្ចីគេអាចបរិភោគសាច់របស់វាដោយមានរសជាតិ ផ្អែមពិសារនិងថែមទាំងអាចយកទៅធ្វើជាបង្អែមផ្សេងៗបានទៀតផងដែរ។
មិនតែប៉ុណ្ណោះផ្លែត្នោតខ្ចីគេអាចយកទៅធ្វើជាមុខម្ហូបជាច្រើនមុខទៀត។ ចំណែកឯផ្លែទុំវិញគេអាច យកវាទៅធ្វើជានំយ៉ាងឈ្ងុយឆ្ងាញ់បានផងដែរ។ ចំពោះស្លឹកត្នោតវិញ គេអាចយកទៅត្បាញ ធ្វើជាសំភារៈមួយចំនួនមាន៖ ដំបូលផ្ទះ មួក កន្ដ្រក កន្ទេល និងថែមទាំងអាចយកទៅធ្វើជា វត្ថុអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើននិងយកទៅវេចខ្ចប់ធ្វើនំផងដែរ ឫសធ្វើជាឳសថ ដើមយកធ្វើផ្ទះ គ្រឿងសង្ហារឹមផ្សេងៗ និងទូកជាដើម….៕












