ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានកាត់បន្ថយបុគ្គលិករបស់ខ្លួនជាបន្តបន្ទាប់ ដូចជា Google, Amazon, Microsoft និង Meta ដោយសារអត្រាអតិផរណាបានជំរុញឱ្យដើមទុនសម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះកាន់តែខ្ពស់ ជាពិសេស ក្រុមហ៊ុន hardware ដែលផលិតឧបករណ៍អេឡិចត្រូនិក ដូចជា Notebook, កុំព្យូទ័រ និងស្មាតហ្វូន ។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានក្រុមហ៊ុនមួយដែលមិនធ្លាប់មានព័ត៌មានថា កាត់បន្ថយបុគ្គលិក គឺ Apple តើមកពីមូលហេតុអ្វី ?
ក្នុងអំឡុងពេលមានជំងឺកូវីដរាតត្បាត ក្រុមហ៊ុនបច្ចេកវិទ្យានានាបានជួលបុគ្គលិកបន្ថែមជាច្រើននាក់ដើម្បីធ្វើការងារ ខណៈមានតម្រូវការផលិតផល និងដំណោះស្រាយបច្ចេកវិទ្យាកើនឡើង ស្របពេលប្រទេសភាគច្រើនបានបិទព្រំដែន ដូច្នេះ ក្រុមហ៊ុនទាំងនេះត្រូវការជួលបុគ្គលិកមកធ្វើការងារបន្ថែមទៀត ។ បន្ទាប់មក នៅពេលជំងឺកូវីដបានធូរស្រាលឡើងវិញ ប្រទេសនានាបានបើកព្រំដែន តម្រូវការប្រើប្រាស់បច្ចេកវិទ្យាថយចុះ ស្របពេលមានអត្រាអតិផរណាកើនឡើងនៅតាមប្រទេសនានាផងនោះ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះគ្មានជម្រើសអ្វីផ្សេងទេ ក្រៅពីការកាត់បន្ថយបុគ្គលិករបស់ខ្លួន ។
Bloomberg បានបង្ហាញពីការជួលបុគ្គលិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ចាប់ពីឆ្នាំ២០២០-២០២២ រួមមាន ៖
-Microsoft បានបន្ថែមបុគ្គលិក៥៣,៥%
-Alphabet ជាក្រុមហ៊ុនមេរបស់ Google បានបន្ថែមបុគ្គលិក៦០%
-Meta បានបន្ថែមបុគ្គលិក៩២,៤%
-Amazon បានបន្ថែមបុគ្គលិក៩៣,១%
-Salesforce បានបន្ថែមបុគ្គលិក១០៤,៣%
ចំណែកក្រុមហ៊ុន Apple បានបន្ថែមបុគ្គលិកត្រឹមតែ១៩,៧% ប៉ុណ្ណោះ ហើយមិនត្រឹមតែជួលបុគ្គលិកបន្ថែមតិចប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនបានបង្កើតប្រាក់ចំណូលសម្រាប់ការជួលបុគ្គលិកថ្មី បានច្រើនជាងក្រុមហ៊ុនផ្សេងៗទៀតផងដែរ ។ នេះបើតាមទិន្នន័យពី Bloomberg ។
Apple គឺជាក្រុមហ៊ុនមួយដែលអាចរកប្រាក់ចំណូល និងប្រាក់ចំណេញបានច្រើនក្នុងពេលក្រុមហ៊ុនផ្សេងៗជួបវិបត្តិ ។ ជាក់ស្តែង តាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសដំបូងក្នុងឆ្នាំ២០២៣ នេះ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលចំនួន១១៧,២ពាន់លានដុល្លារអាមេរិក ដែលបានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ប្រាក់ចំណូលពីអាជីវកម្មសេវាកម្មស្មើ២០,៨ពាន់លានដុល្លារអាមេរិក បើទោះជាក្រុមហ៊ុន Apple ប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច និងចំនួនការលក់ hardware ធ្លាក់ចុះក្តី ។
អ្នកវិភាគមកពី Saxo Bank A/S លើកឡើងថា ៖ «វាបង្ហាញពីគុណភាពនៃការគ្រប់គ្រងកាន់តែប្រសើរឡើងរបស់ក្រុមហ៊ុន Apple បើធៀបជាមួយក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត ដែលពួកគេបានប៉ាន់ស្មានខុសទៅលើស្ថានការណ៍ជំងឺកូវីដ» ។
ចំណែកអ្នកវិភាគមកពី Credit Suisse Group AG លើកឡើងដែរថា ៖ «Apple ជាក្រុមហ៊ុនចេះសន្សំសំចៃ ដែលគ្រប់យ៉ាងវាអាស្រ័យលើការថែទាំផលប្រយោជន៍របស់វិនិយោគិន និងការសម្លឹងមើលថា គួរតែវិនិយោគទៅលើផ្នែកណា ដែលអាចធ្វើឱ្យក្រុមហ៊ុនរីកចម្រើននាថ្ងៃអនាគត» ៕ ប្រភព ៖ todaybizview










