ភ្ញៀវទេសចរដែលទៅទស្សនាតំបន់ភ្នំខ្នងផ្សារ គួរតែទៅស្គាល់ និងទស្សនានៅ «តំបន់ភ្នំខ្នងក្រពើ» ផងដែរ ពីព្រោះគោលដៅទេសចរណ៍ថ្មីនេះ ស្រស់ស្អាតលេចធ្លោមិនចាញ់តំបន់ភ្នំខ្នងផ្សារប៉ុន្មានឡើយ នៅក្នុងសហគមន៍អេកូទេសចរណ៍តាំងបំពង់។
តំបន់ភ្នំខ្នងក្រពើ គឺជាទីប្រជុំរុក្ខគិរីដ៏ស្រស់ត្រកាលមួយស្ថិតនៅក្នុង «ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល» ដែលគ្របដណ្ដប់លើខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ដើម្បីធ្វើដំណើរទៅកាន់គិរីឧទ្យាននេះ ភ្ញៀវទេសចរត្រូវទំនាក់ទំនងជាមួយមគ្គុទ្ទេសក៍សហគមន៍អេកូទេសចរណ៍តាំងបំពង់ជាមុនសិន ដែលស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឱ្យពួកគាត់នាំផ្លូវ និងផ្ដល់សេវាសហគមន៍នានា ក្នុងពេលធ្វើដំណើរទៅកាន់ទីនោះ។
ខ្នងភ្នំមួយនេះ មានដុំថ្មសណ្ឋានក្រឡាដូចសត្វក្រពើ កំពុងបង្អួតសម្រស់ទាក់ទាញដល់ក្រុមអ្នកចូលចិត្តធ្វើដំណើរទេសចរណ៍ផ្សងព្រេងតាមព្រៃភ្នំ បរិយាកាសដ៏ពិសិដ្ឋនេះបង្កើតនូវអារម្មណ៍ប្លែកមួយកម្រិតទៀត សម្រាប់ទេសចរចូលចិត្តធម្មជាតិ៕










