ប្រទេសកូរ៉េខាងជើង ៖ តាមព័ត៌មានពីកងទ័ពកូរ៉េខាងត្បូងបង្ហាញថា នៅព្រឹកថ្ងៃទី១៤ ខែមីនា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់ទៅកាន់សមុទ្រខាងកើត ។ គេចាត់ទុកថា វាជាការសាកល្បងអាវុធលើកចុងក្រោយរបស់កូរ៉េខាងជើង ខណៈអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នាដ៏ធំបំផុត ។
អគ្គលេខាធិការចម្រុះរបស់កូរ៉េខាងត្បូងលើកឡើងថា កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីខេត្ត Huanghae ស្ថិតនៅភាគខាងត្បូងប្រទេស ដោយមីស៊ីលនេះហោះបានចម្ងាយ៦២០គីឡូម៉ែត្រ ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងថា ជប៉ុនកំពុងប្រមូលព័ត៌មានពាក់ព័ន្ធនឹងមីស៊ីលនេះ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីការខូចខាតដល់ប្រទេសជប៉ុនទេ ខណៈលេខាធិការខុទ្ទកាល័យជប៉ុន លោក Matsuno Hirokazu បានថ្លែងដែរថា មិនទាន់មានការរាយការណ៍ថា មីស៊ីលនេះបានធ្លាក់ក្នុងទឹកដី ឬតំបន់សេដ្ឋកិច្ចរបស់ជប៉ុនទេ ។ ប៉ុន្តែលោក Matsuno Hirokazu ថ្លែងថា ៖ «វាអាចទៅរួចដែលកូរ៉េខាងជើងនឹងបង្កើនការបាញ់មីស៊ីល និងសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនខ្លាំងជាងមុន ។ ដូច្នេះ ជប៉ុននឹងសហការគ្នាជាមួយអាមេរិក និងកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើង ហើយជប៉ុននឹងវិភាគព័ត៌មាននេះបន្តទៀត» ។
ចំណែកកូរ៉េខាងត្បូងបានថ្កោលទោសការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងថា វាជាអំពើអាក្រក់បំផុតដែលបានគំរាមកំហែងសុវត្ថិភាព និងសន្តិសុខក្នុងតំបន់ ហើយក៏បានបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ។
កាលពីពេលថ្មីៗនេះ កូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលរបស់ខ្លួនជាច្រើនលើក ហើយមេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គឹម ជុងអ៊ុន ក៏បានបញ្ជាទៅកាន់កងទ័ពឱ្យធ្វើការហ្វឹកហាត់ដូចសង្គ្រាមពិតប្រាកដ ដើម្បីការពារប្រទេសកូរ៉េខាងជើង ក៏ដូចជាប្រឆាំងនឹងការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ។![]()
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមីនា កន្លងមក កងទ័ពរបស់អាមេរិក និងកូរ៉េខាងត្បូង បានបើកឆាកធ្វើសមយុទ្ធរួមគ្នាមានរយៈពេល១១ថ្ងៃ ក្រោមឈ្មោះ Freedom Shield 23 ដែលជាការធ្វើសមយុទ្ធដ៏ធំបំផុតក្នុងរយៈពេល៦ឆ្នាំ ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង៕
ប្រភព ៖ The standard










