ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បណ្ដាប្រទេសជិតខាង គេដំឡើងថ្លៃអគ្គិសនីគ្រប់គ្នា ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង គឺមិនដំឡើងថ្លៃទេ។
សម្ដេចបានថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ មីនា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការមិនដំឡើងថ្លៃអគ្គិសនីនេះ គឺដើម្បីសម្រួលដល់ការ លំបាករបស់បងប្អូនប្រជាពលរដ្ឋ។
សម្តេចតេជោថ្លែងថា «អគ្គិសនីគេឡើងថ្លៃគ្រប់គ្នា កម្ពុជាអត់ឡើងថ្លៃទេ។ ពីមុនប្រទេសជិតខាងរបស់យើងគេថ្លៃអគ្គិសនីថោកជាងយើង ឥឡូវប្រទេសជិតខាងរបស់យើងចាប់ផ្តើមឡើងថ្លៃលើសយើងហើយ តែយើងឲ្យទ្រាំដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងនោះក្នុងវិស័យកសិកម្មការបូមទឹក គឺតែតម្លៃ ៤៨០រៀលទេ ក្នុង១គីឡូវ៉ាត់ម៉ោង ប៉ុន្តែត្រូវដឹងម៉ោងដែលត្រូវបូមផង»៕










