រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានសភាមុនរបស់សហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ ធ្លាប់អុជបញ្ឆេះកំហឹងចិន ឲ្យច្រឡោតតោតតូងម្ដងរួចមកហើយ ខណៈលោកស្រី បានទៅបំពេញទស្សនកិច្ច នៅតៃវ៉ាន់ ចន្លោះពីថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២២ ហើយឥឡូវនេះ ប្រធានសភាថ្មី មកពីគណបក្សសាធារណរដ្ឋ ទំនងជាមានគម្រោង បញ្ឆេះកំហឹងដល់ក្រុងប៉េកាំង សាជាថ្មីទៀត។
សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ ថា ប្រភពព័ត៌មាន ចំនួន២ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters កាលពីថ្ងៃចន្ទ ថា លោក ខេវិន ម៉ាកកាធី (Kevin McCarthy) ប្រធានសភាសហរដ្ឋអាមេរិក មានគម្រោង ជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ សកម្មភាពបែបនេះ អាចនឹងជំនួសនូវការធ្វើដំណើរបំពេញទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ។ ប៉ុន្ដែវាជាដំណើរបំពេញទស្សនកិច្ចដ៏រសើបមួយ ទៅកាន់ដែនកោះ គ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ ខណៈក្រុងប៉េកាំង តែងតែអះអាង ថា តៃវ៉ាន់ ជាដែនអធិបតេយ្យភាពរបស់ចិន។
បើតាមប្រភពព័ត៌មាននានា សុំលក្ខខណ្ឌ មិនបង្ហាញអត្ដសញ្ញាណ បានបញ្ជាក់ ថា លោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្រូវបានគេអញ្ជើញឱ្យថ្លែងសុន្ទរកថា នៅឯបណ្ណាល័យប្រធានាធិបតី Ronald Reagan (រ៉ូណាល់ដ៍ រីហ្គេន) នាអំឡុងពេលធ្វើដំណើរឆ្លងកាត់រដ្ឋកាលីហ្វ័រញ៉ា ដែលបានគ្រោងទុក មកកាន់អាមេរិកកណ្តាល ហើយថា លោកប្រធានសភា McCarthy ទំនងជានឹងជួបលោកស្រី នៅលើទឹកដីរបស់សហរដ្ឋអាមេរិក។
បើទោះជាយ៉ាងណា ការិយាល័យរបស់ប្រធានសភា សហរដ្ឋអាមេរិក លោក McCarthy មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណួររបស់ Reuters ជុំវិញបញ្ហានេះ ដោយរាប់បញ្ចូលទាំងការសាកសួរ ថាតើជំនួបដែលបានគ្រោងទុកនោះ គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីចៀសវាងនូវការបង្កើនភាពតានតឹង ជាមួយប្រទេសចិន ដូចអ្វីដែលក្រុងប៉េកាំង បានខឹងសម្បា ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាមុនរបស់សហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅលើទឹកដីកោះតៃវ៉ាន់ ចន្លោះពីថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២២។
សារព័ត៌មាន The Financial Times បានរាយការណ៍ ពីដំបូង អំពីគម្រោងជួបគ្នា នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ប៉ុន្ដែនៅក្នុងអំឡុងផ្ដល់បទសម្ភាសន៍ជាមួយនឹងបណ្ដាញទូរទស្សន៍ CNBC កាលពីព្រឹក ថ្ងៃចន្ទ លោក McCarthy ប្រធានរដ្ឋសភា បានបដិសេធឆ្លើយ ថាតើគាត់នឹងទៅបំពេញទស្សនកិច្ច នៅតៃវ៉ាន់ ឬយ៉ាងណា។ ប៉ុន្ដែលោកប្រធានសភា គ្រាន់តែបញ្ជាក់ ថា គាត់នឹងប្រកាស អំពីគម្រោងធ្វើដំណើរណាមួយ ខណៈគាត់មានផែនការធ្វើដំណើរ។
ដូចជាបណ្ដាប្រទេសដទៃទៀតអ៊ីចឹងដែរ សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូត ជាផ្លូវការជាមួយតៃវ៉ាន់ នោះឡើយ។ ប៉ុន្តែដែនកោះតៃវ៉ាន់ ត្រូវចងភ្ជាប់ ដោយច្បាប់របស់សហរដ្ឋអាមេរិក ដើម្បីផ្តល់មធ្យោបាយការពារ ដល់ដែនកោះគ្រប់គ្រង ដោយខ្លួនឯង។![]()
ក្រុងវ៉ាស៊ីនតោន បានជាប់គាំង អស់រយៈពេលជាយូរមកហើយ ចំពោះគោលនយោបាយ «មិនច្បាស់លាស់ជាយុទ្ធសាស្ត្រ»។ នេះមានន័យថា សហរដ្ឋអាមេរិក មិនច្បាស់ ថាតើក្រុងវ៉ាស៊ីនតោន នឹងឆ្លើយតបផ្នែកយោធា ចំពោះការវាយប្រហារ ទៅលើកោះតៃវ៉ាន់ ឬយ៉ាងណានោះ។ បើទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ធ្លាប់បញ្ជាក់ កាលពីខែកញ្ញា ឆ្នាំ២០២២ ថា កងទ័ពរបស់សហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ នៅក្នុងព្រឹត្តិការណ៍ឈ្លានពាន ពីកងទ័ពរំដោះប្រជាជនចិន។ នេះជាសេចក្តីថ្លែងការណ៍យ៉ាងច្បាស់លាស់បំផុត កើតចេញពី ប្រធានាធិបតីសហរដ្ឋអាមេរិក ចំពោះបញ្ហាតៃវ៉ាន់៕










