ប្រទេសថៃ ៖ អតីតអ្នកប្រដាល់ថៃ លោក Antoine Pinto បានបង្ហោះសារនៅលើបណ្តាញសង្គមថា ៖ «ពេលនេះ គុនខ្មែរមានអ្នកមើលច្រើនណាស់ ពិតជាខ្លាំងមែនទែន» បានធ្វើឱ្យអ្នកគាំទ្រ «Muay Thai» សម្តែងការមិនពេញចិត្តនឹងការបង្ហោះរបស់លោក ព្រមទាំងរិះគន់អ្នកប្រដាល់រូបនេះផងដែរ ដែលមានម្តាយជាកូនកាត់បារាំង និងខ្មែរ ។
យោងតាមទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ MGR.SPORT មានពលរដ្ឋថៃជាច្រើននាក់បានបញ្ចេញមតិរិះគន់លោក Antoine Pinto ថា ចូរត្រឡប់ទៅរកស៊ីជាមួយគុនខ្មែរចុះ មិនបាច់មកបង្រៀនពលរដ្ឋថៃទេ ហេតុអ្វីមិនទៅបង្រៀនខ្មែរទៅ កុំមកថាឱ្យ «Muay Thai» ។ ដូចគ្នានេះដែរ ពលរដ្ឋថៃម្នាក់ទៀតថា ប្រញាប់ចេញពីប្រទេសថៃ ហើយទៅនៅខ្មែរចុះ ពលរដ្ឋថៃមិនចូលចិត្តអ្នកវាយក្រោយខ្នងទេ ខ្លួនឯងធ្វើជាអ្នកប្រដាល់ថៃ រស់នៅថៃ តែពេលបានល្អហើយនិយាយចំអន់ប្រទេសថៃ ។ រីឯម្នាក់ទៀតលើកឡើងថា មកស៊ីចុកជាមួយ «Muay Thai» តែមកជន់ពន្លិចបេះដូងពលរដ្ឋថៃទៅវិញ ។ ស្រដៀងគ្នានេះ ម្នាក់ទៀតថា ត្រឡប់ទៅប្រទេសកំណើតវិញទៅ មករស់នៅថៃយូរយាហើយ ។
បន្ទាប់ពីមានការរិះគន់ជាច្រើនពីពលរដ្ឋថៃ ក្រោយមក លោក Antoine Pinto បានបង្ហោះសារបញ្ជាក់ថា ៖ «លោកនៅតែគាំទ្រកីឡា «Muay Thai» និងនៅតែគាំទ្របន្តទៀត ហើយលោកក៏គ្មានចេតនាគាំទ្រគុនខ្មែរដែរ ប៉ុន្តែបើអ្នកណាម្នាក់ធ្វើឱ្យលោកខូចខាត លោកនឹងប្តឹងវិញជាមិនខាន» ។
អ្នកគាំទ្រ WORLD KUN KHMER Promotion បានបង្ហោះសារសរសើរអតីតអ្នកប្រដាល់រូបនេះ ខណៈលោកបានបង្ហោះថា ៖ «មានពលរដ្ឋថៃមួយចំនួនរើសអើងជាតិសាសន៍តាមរយៈការបញ្ចេញមតិ ប៉ុន្តែក៏មានពលរដ្ឋថៃជាច្រើននាក់រក្សាសេចក្តីថ្លៃថ្នូរក្នុងឋានៈជាប្រទេសនៅតំបន់អាស៊ានដូចគ្នា ប៉ុន្តែសូមឱ្យពលរដ្ឋខ្មែររក្សាសេចក្តីថ្លៃថ្នូរក្នុងឋានៈជាខ្មែរ រក្សាសីលធម៌ក្នុងការនិយាយស្តីក្នុងរឿងមួយចំនួន ហើយតម្លៃជាតិរបស់យើង ក៏មានតម្លៃជាសកល» ។
លោក Antoine Pinto បានបញ្ចេញមតិក្នុងបណ្តាញសង្គមទៀតថា ៖ «យើងត្រូវសម្តែងក្តីស្រឡាញ់រវាងគ្នានិងគ្នា អ្នកមានកីឡារបស់អ្នក ហើយពលរដ្ឋថៃក៏មាន Muay Thai យើងត្រូវតែគោរពគ្នាទៅវិញទៅមក» ។ ការបញ្ចេញមតិរបស់អតីតអ្នកប្រដាល់រូបនេះបានធ្វើឱ្យពលរដ្ឋខ្មែរជាច្រើននាក់ចុច Like និងសរសើរផងដែរ ៕
ប្រភព ៖ MGR.SPORT










