ប្រទេសរុស្ស៊ី ៖ មហាសេដ្ឋីល្បីឈ្មោះរុស្ស៊ីបានដាស់តឿនរដ្ឋាភិបាលរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ថា ប្រាក់នឹងអស់ពីក្នុងប្រទេសនៅឆ្នាំ២០២៤ ក្រោយពីសង្គ្រាមអូសបន្លាយយូរធ្វើឱ្យរុស្ស៊ីខ្វះខាតប្រាក់ជាខ្លាំងក្នុងប្រវត្តិសាស្ត្រ ។ មហាសេដ្ឋីរូបនេះបញ្ជាក់ថា រុស្ស៊ីគួរតែអភិវឌ្ឍន៍ប្រព័ន្ធសេដ្ឋកិច្ចបែបទីផ្សារ មិនមែនមូលធននិយមរបស់រដ្ឋទេ ។
កាលពីថ្ងៃទី២ ខែមីនា មហាសេដ្ឋីរុស្ស៊ី លោក Oleg Deripaska បានលើកឡើងក្នុងវេទិកាសេដ្ឋកិច្ចថា នៅឆ្នាំ២០២៤ ប្រាក់របស់រុស្ស៊ីនឹងអស់ពីប្រទេស ហើយរុស្ស៊ីត្រូវការវិនិយោគិនអន្តរជាតិ ជាពិសេស វិនិយោគិនពីប្រទេសជាមិត្តដើម្បីលុបចោលវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ។ លោក Oleg Deripaska ជាអ្នកបង្កើត United Co RUSAL International PJSC ជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមធំបំផុតក្នុងប្រទេសចិនបន្តថា បច្ចុប្បន្ន មូលនិធិជិតអស់ហើយ នេះជាមូលហេតុធ្វើឱ្យរុស្ស៊ីចាប់ផ្តើមរង្គោះរង្គើ ។
មតិយោបល់របស់លោក Oleg Deripaska ជាបុគ្គលម្នាក់ក្នុងចំណោមប្រធានគ្រប់គ្រងអាជីវកម្មដែលមានល្បីបោះសំឡេងនៅរុស្ស៊ី ក្រោយពីចុងឆ្នាំ២០២២ រុស្ស៊ីខ្វះខាតប្រាក់ជាច្រើនដោយសារប្រាក់ចំណូលរបស់រដ្ឋាភិបាលធ្លាក់ចុះ វិធានការកំណត់ការនាំចេញប្រេង និងការចំណាយរបស់រដ្ឋាភិបាលកើនឡើងដោយសារការឈ្លានពានអ៊ុយក្រែន ។ បច្ចុប្បន្ន មន្ត្រីរុស្ស៊ីកំពុងដាក់ផែនការបង្កើនប្រាក់ចំណូល ដោយការផ្លាស់ប្តូរវិធីប្រមូលពន្ធពីក្រុមហ៊ុនប្រេងឥន្ធនៈ ដោយអាចប្រមូលពន្ធតែម្តង (One-time levy) ជាមួយក្រុមហ៊ុនផលិតទំនិញផ្សេងៗដូចជា ក្រុមហ៊ុនផលិតជី និងធ្យូងថ្ម ។
លោក Oleg Deripaska ថា អាមេរិកបានដាក់ទណ្ឌកម្មរុស្ស៊ីកាលពីឆ្នាំ២០១៨ ហើយត្រូវបានអឺរ៉ុបដាក់ទណ្ឌកម្មបន្ថែមទៀត ក្រោយពីរុស្ស៊ីវាយលុកអ៊ុយក្រែននៅឆ្នាំ២០២២ ។ មហាសេដ្ឋីរូបនេះបន្តថា ការបង្កើតមូលធននិយមដោយរដ្ឋាភិបាល (State Capitalism) មិនមែនជាជម្រើសទេ ហើយរុស្ស៊ីគួរអភិវឌ្ឍន៍ប្រព័ន្ធសេដ្ឋកិច្ចបែបទីផ្សារ (Market Economy) ហើយលោកក៏បានដាស់តឿនពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរមកលើរុស្ស៊ីផងដែរ ។
លោក Oleg Deripaska ថ្លែងថា ៖ «រដ្ឋាភិបាលចាំបាច់ត្រូវធ្វើឱ្យប្រាកដចិត្តថា រុស្ស៊ីជាប្រទេសមួយគួរឱ្យទាក់ទាញ ដោយបង្កើតបរិយាកាសអាជីវកម្មមានសុវត្ថិភាព សេរីភាពផ្នែកសេដ្ឋកិច្ច និងការប្រកួតប្រជែង បើទោះជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើននានាក្នុងពិភពលោកនឹងប្រឆាំងរុស្ស៊ី ប៉ុន្តែរុស្ស៊ីត្រូវបើកទីផ្សាររបស់ខ្លួន ដែលមានពលរដ្ឋចំនួន៤,៥ពាន់លាននាក់» ៕
ប្រភព ៖ thestandardwealth










